(ស៊ីរី)៖ ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់អាសាដ បាននិយាយថាប្រទេសបារាំង និងបណ្ដាប្រទេសលោកខាងលិចគ្មានសិទ្ធិរិះគន់លើប្រទេស របស់ឡើយជុំវិញការ បរាជ័យក្នុងការស្វែងរកសន្តិភាពបញ្ចប់សង្រ្គាមរុំារ៉ៃអស់រយៈពេលជាង០៦ឆ្នាំមកនេះ។ បើតាមលោក អាសាដ បណ្ដាប្រទេសលោកខាងលិចបានគាំទ្រពួកភេរវករ រីឯបាតដៃរបស់ពួកគេប្រឡាក់ដោយឈាមជនជាតិស៊ីរី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០១៧។
ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានក្នុងទីក្រុងដាម៉ាស់ កាលពីថ្ងៃចន្ទ លោក អាសាដ បានលើកឡើងដូច្នេះថា៖ «ប្រទេសបារាំង និងបណ្ដាប្រទេសលោកខាងលិច បានគាំទ្រ ពួកភេរវករនៅក្នុងប្រទេសស៊ីរី។ ដៃរបស់ពួកគេប្រឡាក់ដោយឈាមប្រជាជនស៊ីរី...ដូច្នេះពួកគេគ្មានសិទ្ធិដើរតួរជាអ្នករិះគន់ ឬក៏ពិភាក្សាស្វែងរកសន្តិភាព នោះទេ ហើយ សេចក្ដីថ្លែងការណ៍របស់ពួកគេក៏គ្មានប្រយោជន៍អ្វីដែរសម្រាប់ពួកយើង»។
គួរបញ្ជាក់ថា ការថ្លែងបែបនេះរបស់លោក អាសាដ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលបារាំង បានកត់សម្គាល់ថា រដ្ឋាភិបាលស៊ីរី មិនបានធ្វើអ្វីទាល់តែសោះដើម្បី ឈានដល់កិច្ច ព្រមព្រៀងបញ្ចប់សង្រ្គាម០៦ឆ្នាំមកនេះ ខណៈប្រជាជនស៊ីរី ៤០០,០០០នាក់ នៅក្នុងតំបន់ Ghouta ភាគខាងកើតកំពុងស្ថិតនៅក្រោមការឡោមព័ទ្ធពីសំណាក់ កងកម្លាំង រដ្ឋាភិបាលស៊ីរី៕