(ម៉ូស្គូ)៖ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ី ឆ្នាំ២០១៨ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ខាងមុខ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅនេះ ប្រធានាធិបតីកំពុងកាន់អំណាចរុស្ស៊ី លោកវ៉្លាឌីមៀរពូទីន បានប្រកាសថា លោកមានបំណងចង់ឈរបោះឆ្នោតម្តងទៀត ហើយបុរសខ្លាំងប្រចាំប្រទេសរុស្ស៊ីរូបនេះ ត្រូវបានរំពឹងថានឹងទទួលបានជោគជ័យជាថ្មីម្តងទៀត។ ជាក់ស្ដែងលោកទទួលបានសម្លេងគាំទ្រខ្ពស់ជាង៤០ភាគរយ នៅក្នុងការស្ទាបស្ទង់មតិ ក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីអាណត្តិមុន។
* ព័ត៌មានទូទៅ៖
ការបោះឆ្នោតជ្រើសរើសប្រធានាធីបតីនៅរុស្ស៊ី គឺជាការបោះឆ្នោតដោយផ្ទាល់ សម្រាប់អាណត្តិ៦ឆ្នាំ (ការពង្រីករយៈពេលមួយអាណត្តិ រហូតដល់៦ឆ្នាំ ត្រូវបានធ្វើឡើងកាលពីឆ្នាំ២០០៨ កន្លងទៅនេះ ក្នុងអំឡុងនៃការកាន់អំណាចរបស់អតីតប្រធានាធិបតី Dmitry Medvedev)។
យោងតាមមាត្រា៨១ នៃរដ្ឋធម្មុញ្ញសហព័ន្ធរុស្ស៊ី បានឱ្យដឹងថា បេក្ខជនដែលចង់ឈរឈ្មោះជាបេក្ខជនប្រធានាធិបតី ត្រូវមានអាយុចាប់ពី៣៥ឆ្នាំឡើងទៅ ហើយត្រូវតែជាបុគ្គលដែលធ្លាប់រស់នៅអចិន្ត្រៃយ៍ក្នុងប្រទេសរុស្ស៊ី យ៉ាងហោចណាស់រយៈពេល១០ឆ្នាំ។ មិនតែប៉ុណ្ណោះប្រធានាធិបតីគ្រប់រូប មិនអាចកាន់អំណាចច្រើនជាងពីរអាណត្តិជាប់គ្នាបានឡើយ។ ទាក់ទិននឹងច្បាប់នេះ យើងអាចនឹងមានការភ័ន្តច្រឡំ និងចោទជាចម្ងល់ចំពោះករណីលោក ពូទីន ដោយសារលោកបានកាន់អំណាចរហូត ចាប់តាំងពីឆ្នាំ១៩៩៩មកដល់បច្ចុប្បន្ន។
ការពិតទៅ ចាប់ពីឆ្នាំ១៩៩៩ ដល់២០០០ លោក ពូទីន កាន់អំណាចជានាយករដ្ឋមន្ត្រីរុស្ស៊ី។ ហើយនៅរវាងឆ្នាំ២០០០ ដល់២០០៤ និងពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៨ លោកបានកាន់អំណាចជាប្រធានាធិបតីពីរអាណត្តិជាប់គ្នា (កាលនោះមួយអាណិត្តមានរយៈពេលតែបួនឆ្នាំប៉ុណ្ណោះ)។ ចំណែករវាងឆ្នាំ២០០៨ ដល់ ២០១២ លោកបានកាន់ដំណែងជានាយករដ្ឋមន្ត្រីរុស្ស៊ីជាថ្មី ហើយចាប់ពីឆ្នាំ២០១២ ដល់បច្ចុប្បន្ន លោកបែរមកកាន់ដំណែងជាប្រធានាធិបតីវិញម្តង។ ប្រសិនបើលោកពូទីន ជាប់ឆ្នោតជាថ្មី មានន័យថា បុរសខ្លាំងប្រចាំប្រទេស រុស្ស៊ីរូបនេះ កាន់អំណាចពីរអាណត្តិជាប់គ្នាជាថ្មី។
លោកបានកាន់អំណាចរហូតតាំងពីឆ្នាំ១៩៩៩មក ដោយគ្មានការឈប់សម្រាក ដោយគ្រាន់តែផ្លាស់ប្តូរដំណែងម្តងជានាយករដ្ឋមន្ត្រី និងម្តងជាប្រធានាធិបតី ប៉ុណ្ណោះ។ វាអាចចាត់ទុកជាភាពឆ្លៀសវៃមួយរបស់លោកពូទីន ដែលចង់កាន់អំណាចប្រកបដោយភាពស្របច្បាប់។
យុទ្ធនាការនៃការបោះឆ្នោតឆ្នាំ២០១៧ បានចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះកន្លងទៅនេះ។ មានន័យថាដំណើរការប្រមូលហត្ថលេខា និងការឈរឈ្មោះជាបេក្ខជនប្រធានាធិបតី នឹងធ្វើឡើងក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនារដូវរងារខាងមុខ ដោយថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ នឹងក្លាយជាថ្ងៃចុងក្រោយសម្រាប់ដាក់ស្នើឯកសារក្នុងការឈរឈ្មោះ។
* បេក្ខជនឈរឈ្មោះបោះឆ្នោត
រុស្ស៊ីបានបើកសេរីភាពដល់ប្រជាពលរដ្ឋ ក្នុងការឈរឈ្មោះបោះឆ្នោត។ ប៉ុន្តែដើម្បីឈរឈ្មោះសម្រាប់បុគ្គលឯករាជ្យ (គ្មានបក្សនយោបាយ) ចាំបាច់ត្រូវប្រមូល ហត្ថលេខាគាំទ្រយ៉ាងហោចណាស់ ៣១៥,០០០នាក់ឡើងទៅ ឲ្យបានមុនថ្ងៃផុតកំណត់។
ដោយឡែកសម្រាប់បុគ្គលដែលជាសមាជិកគណបក្សនយោបាយ តែគ្មានកៅអីនៅក្នុងសភាជាន់ទាប ចាំបាច់ត្រូវប្រមូលហត្ថលេខាឱ្យបានចំនួន១០៥,០០០សម្លេង ដើម្បីក្លាយជាបេក្ខជនប្រធានាធិបតី។ សម្រាប់សមាជិកគណបក្សនយោបាយ ដែលជាតំណាងនៅក្នុងសភាជាន់ទាប ឬស្ថាប័ននីតិប្បញ្ញត្តិដែលមានចំនួន កៅអីមិនតិចជាងមួយភាគបី នៃ Federal Sujects អាចតែងតាំងធ្វើជាបេក្ខជន ដោយមិនចាំបាច់ប្រមូលហត្ថលេខាឡើយ។
គណបក្សនយោបាយដែលអាចតែងតាំងជាបេក្ខជន ដោយមិនចាំបាច់ប្រមូលហត្ថលេខាមានដូចជា គណបក្សវេទិកាជនស៊ីវិល គណបក្សកុម្មុយនីស្តនៃសហព័ន្ធរុស្ស៊ី គណបក្សប្រជាធិបតេយ្យសេរីនិយមរុស្ស៊ី គណបក្សរុស្ស៊ី គណបក្សរ៉ូឌីណា និងគណបក្សសហភាពរុស្ស៊ី។
អ្នកអត្ថាធិប្បាយនយោបាយជាច្រើនរូប បានលើកឡើងអំពីភាពលំបាកក្នុងការប្រមូលហត្ថលេខា ដោយសារគ្មានការគាំទ្រពីគណបក្សនយោបាយ។ ភាពលំបាកនេះ បង្កឱ្យមានភាពចម្ងល់ទៅលើបេក្ខជនឯករាជ្យទាំងអស់ ថាតើពួកគេនឹងប្រឹងប្រែងដោយរបៀបណា ព្រោះមានបេក្ខជនភាគច្រើនដែលបាននិយាយថា ពួកគេនឹងធ្វើជាប្រធានាធិបតីឯករាជ្យ (គ្មានបក្សនយោបាយ) ព្រោះវាទាមទាហត្ថលេខាខ្ពស់បំផុត។
ទោះបីជាយ៉ាងណាក្តី លោកស្រី Ella Pamfilova ប្រធានគណកម្មការរៀបចំការបោះឆ្នោត បានឱ្យដឹងថា លក្ខខណ្ឌសម្រាប់បេក្ខជនដែលត្រូវការឈរឈ្មោះ បោះឆ្នោតឆ្នាំនេះ ហាក់មានភាពងាយស្រួលជាងមុនច្រើន ពីព្រោះពួកគេមិនចាំបាច់ប្រមូលហត្ថលេខារហូតដល់មួយលានសម្លេងនោះទេ។ យោងទៅតាមការ លើកឡើងរបស់លោកស្រី ធ្វើឱ្យមានការរំពឹងថានឹងមានបេក្ខជនច្រើនរូបចូលរួមឈរឈ្មោះបោះឆ្នោតលើកនេះ ជាងការបោះឆ្នោតឆ្នាំ២០០០ ដោយពេលនោះមានបេក្ខជនត្រឹមតែ១១ រូបប៉ុណ្ណោះ ដែលឈរឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោត ប៉ុន្តែត្រូវបានគេចាត់ទុកថា ជាចំនួនច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររុស្ស៊ី។
នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ លោកប្រធានគណបក្សរ៉ូឌីណា លោក Aleksey Zhuravlyov បានប្រកាសថា គណបក្សរបស់លោកនឹងគាំទ្រតែ ប្រធានាធិបតីវ្ល៉ាឌីមៀរពូទីនប៉ុណ្ណោះ នៅក្នុងការបោះឆ្នោតឆ្នាំ២០១៨នេះ។ ជាមួយគ្នានេះដែរ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ មេដឹកនាំបក្សវេទិកាជនស៊ីវិលលោក Rifat Shaykhutdinov ក៏បាននិយាយលើកឡើងដូចគ្នាផងដែរថា គណបក្សរបស់លោកនឹងគាំទ្រតែលោកពូទីនប៉ុណ្ណោះ។
* ការផ្លាស់ប្តូរកាលបរិច្ឆេទ
នៅថ្ងៃទី០៣ ខែមីនាឆ្នាំ២០១៧ សមាជិកព្រឹទ្ធសភា លោក Andrey Klishas និង Anatoly Shirokov បានដាក់ចេញសេចក្តីព្រាងច្បាប់ស្តីពីការបោះឆ្នោតទៅកាន់ សភាជាន់ទាប(State Duma)។ ក្នុងនោះមានវិសោធនកម្មមួយ ទាក់ទងនឹងការលើកកាលបរិច្ឆេទបោះឆ្នោតគឺ គេបានលើកការបោះឆ្នោត ពីថ្ងៃអាទិត្យនៃសប្តាហ៍ទីពីរ ទៅកាន់ថ្ងៃអាទិត្យសប្តាហ៍ទីបី នៃខែមីនាវិញ ពោលគឺលើកពីថ្ងៃទី១១ ទៅដាក់នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ។ វិសោធនកម្មច្បាប់នេះ ត្រូវឆ្លងកាត់សភាជាន់ទាប( State Duma) និងក្រុមប្រឹក្សាសហព័ន្ធ ដោយគ្មានការពន្យារពេល ហើយត្រូវបានចុះហត្ថលេខាសម្រេចយល់ព្រមដោយលោកវ្ល៉ាឌីមៀពូទីននៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧។
នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅនេះ សភាជាន់ខ្ពស់នៃសភាសហព័ន្ធ ក្រុមប្រឹក្សាសហព័ន្ធ បានបញ្ជាក់ជាផ្លូវការដោយសម្រេចយកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជាផ្លូវការ ហើយសម្រេចចាប់ផ្តើមដំណើរការឃោសនាបោះឆ្នោត និងចុះឈ្មោះបេក្ខជនតែម្តង។ កាលបរិច្ឆេទនៃការបោះឆ្នោតនេះ ត្រូវបានគេចាត់ទុកថា ថ្ងៃដ៏មានសារៈសំខាន់ជាខ្លាំងសម្រាប់រុស្ស៊ី ព្រោះវាជាខួបបួនឆ្នាំនៃការតភ្ជាប់តំបន់ Crimea ទៅក្នុងដែនដីរបស់រុស្ស៊ី ប៉ុន្តែសម្រាប់មជ្ឈដ្ឋានទូទៅ វាបែរជាចាត់ទុកថាជាថ្ងៃដែលរុស្ស៊ីដណ្តើមដែនដីរបស់ប្រទេស អ៊ុយក្រែនទៅវិញ។
តាមផ្លូវច្បាប់ ក្នុងករណីការបោះឆ្នោតក្នុងជុំទីមួយ (ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨) គ្មានបេក្ខជនណាម្នាក់ ទទួលបានសម្លេងគាំទ្រភាគច្រើនដាច់ខាតទេនោះ (មានន័យថា មិនទទួលបានសម្លេងគាំទ្រ ជាងពាក់កណ្តាលនៃសន្លឹកឆ្នោតទាំងអស់) ការបោះឆ្នោតជុំទីពីរ នឹងប្រព្រឹត្តទៅម្តងទៀត ក្នុងរយៈពេលបីសប្តាហ៍បន្ទាប់ (ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨)។ ប៉ុន្តែដោយយោងទៅតាមការស្ទាបស្ទង់មតិ យើងអាចសន្និដ្ឋានបានថា អាចនឹងគ្មានការបោះឆ្នោតជុំទីពីរឡើយ ដោយសារប្រធានាធិបតីប្រកបដោយសក្តានុពលកំពុងកាន់អំណាចបច្ចុប្បន្ន គឺលោក វ្លាឌីមៀពូទីន អាចនឹងដណ្តើមបានសម្លេងគាំទ្រភ្លូកទឹកភ្លូកដី តាំងពីការបោះឆ្នោតជុំទីមួយតែម្តងក៏អាចថាបាន៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា