(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេ បានសម្ដែងការគាំទ្រដល់អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា បើទោះជាលោកដឹងថាការនិយាយបែបនេះ អាចនឹងធ្វើឱ្យប៉ះពាល់ដល់ប្រជាប្រិយភាពរបស់លោកក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០១៧។
លោក ឌូតើតេ កត់សម្គាល់បែបនេះនាឱកាសចូលរួមពិធិជួបជុំមួយរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងទីក្រុង Davao កាលពីថ្ងៃអាទិត្យ។ ថ្លែងនាឱកាសនោះដែរ ប្រធានាធិបតីហ្វីលីពីនរូបនេះបានលើកឡើងដូច្នេះថា៖ «ខ្ញុំគាំទ្រអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា បើសិនជាវាធ្វើឱ្យអ្នកទំាងអស់គ្នាមានសុភមង្គល»។ លោក ឌូតើតេ បន្ថែមទៀតថា៖ «បញ្ហាគឺយើងត្រូវកែប្រែច្បាប់ ប៉ុន្តែយើងអាចកែប្រែច្បាប់បាន បើទោះជាអាពាហ៍ពិពាហ៍គឺកើតឡើងដោយសារបុរស និងស្រ្តីក៏ដោយ...ហើយខ្ញុំប្រាប់អ្នក តាមត្រង់ទៅចុះ កាលខ្ញុំរៀននៅវិទ្យាល័យ ខ្ញុំមិនដឹងនោះទេថាខ្ញុំចង់ក្លាយជាប្រុស ឬក៏ស្រី»។
គួរបញ្ជាក់ថា ហ្វីលីពីន គឺជាប្រទេសមានអ្នកកាន់សាសនាកាតូលិកភាគច្រើន ដូច្នេះការលើកឡើងរបស់លោក ឌូតើតេ អាចនឹងធ្វើឱ្យប៉ះពាល់ដល់ប្រជាប្រិយភាព របស់លោក ក៏ដូចជាបង្កភាពចម្រូងចម្រាស់ ព្រោះក្នុងគោលគំនិតសាសនាកាតូលិក អាពាហ៍ពិពាហ៍គឺកើតឡើងរវាងមនុស្សប្រុស និងមនុស្សស្រី៕