(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ មនុស្សយ៉ាងតិច០៣នាក់ បានបាត់បង់ជីវិត និងជាង២០នាក់ផ្សេងទៀត បានទទួលរងរបួស នៅពេលដែលរថភ្លើងមួយខ្សែ បានក្រឡាច់ធ្លាក់ចេញពីលើដែក-ស្ពាន នាយប់ថ្ងៃចន្ទម្សិលមិញនេះ ក្នុងការធ្វើដំណើរលើកដំបូងរបស់វា នៅលើផ្លូវដែលទើបត្រូវដាក់ឲ្យប្រើប្រាស់ថ្មី ក្នុងតំបន់ Pierce នៃរដ្ឋវ៉ាស៊ីនតោនភាគខាងលិច សហរដ្ឋអាមេរិក៕
២៖ សហគមន៍អន្តរជាតិបានអំពាវដល់គ្រប់ភាគីពាក់ព័ន្ធ ឲ្យបើកកិច្ចចរចារវាងគ្នា និងគ្នា ដើម្បីកំណត់សម្រេចឲ្យច្បាស់ពីស្ថានភាពនៃទីក្រុងហ្សេរុយសាឡឹម ដ៏ចម្រូងសម្រាស បន្ទាប់ពីសហរដ្ឋអាមេរិក បានប្រើសិទ្ធិវេតូ (ជំទាស់) ទៅលើសេចក្តីព្រាងដំណោះស្រាយមួយរបស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC)៕
៣៖ យោងតាមទិន្នន័យថ្មី ដែលប្រមូលបានដោយយានអវកាស Juno របស់អង្គការ NASA ក្នុងអំឡុងពេលនៃការហោះឆ្វែល Flyby ជាលើកដំបូងរបស់វា ពីលើចំណុចភ្នែកក្រហម ដែលគេហៅថា The Great Red Spot របស់ភពព្រហស្បតិ៍ (Jupiter) នោះបានបង្ហាញឲ្យដឹងថាបាតុភូតព្យុះដ៏ល្បីបំផុតនៅក្នុងប្រព័ន្ធ ព្រះអាទិត្យរបស់យើងនេះ មានជម្រៅទៅក្នុងយ៉ាងជ្រៅក្រោមផ្ទៃ នៃពពកដ៏ខ្មួលខ្មាញ់របស់ភពយក្សនេះ ដែលនេះត្រូវបានចាត់ទុកជាអាថ៌កំបាំងធំមួយ ដែលត្រូវបានបំបែក៕
៤៖ អាជ្ញាធរហ្វីលីពីននៅថ្ងៃអង្គារនេះ បានឱ្យដឹងថា សាកសពមនុស្ស ១០នាក់ បន្ថែមទៀតត្រូវបានគេរកឃើញ នៅក្នុងភូមិដែលរងគ្រោះដោយសារគ្រោះរអិលបាក់ដី បង្កឡើងដោយព្យុះ Kai-Tak នៅក្នុងខេត្ត Biliran នៃភាគកណ្ដាលប្រទេសហ្វីលីពីន ហើយដែលនេះបានធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ៤១នាក់៕
៥៖ ក្រុមឧទ្ទាមហួធី នៅក្នុងប្រទេសយេម៉ែនបានអះអាងថា ពួកគេបានផ្លោងគ្រាប់មីស៊ីល សំដៅទៅកាន់រាជវាំង ស្ថិតនៅក្នុងរដ្ឋធានីរីយ៉ាដ របស់ប្រទេសអារ៉ាប៊ីសាអូឌីត ហើយគ្រាប់មីស៊ីលទាំងនោះ ក៏ត្រូវបានបាញ់ស្ទាក់ផងដែរ៕
៦៖ តារាចម្រៀង K-pop មកពីក្រុម SHINee គឺលោក Kim Jong-hyun បានបន្សល់ទុកបណ្ដាំចុងក្រោយ ដ៏ឈឺចាប់សម្រាប់អ្នកគំាទ្រ ដែលបញ្ជាក់ពីស្ថានភាព សម្ពាធផ្លូវចិត្តរបស់លោក មុននឹងលោកដាច់ចិត្តសម្លាប់ខ្លួនឯង៕