(យេម៉ែន)៖ ក្រុមឧទ្ទាមហួធី នៅក្នុងប្រទេសយេម៉ែនបានអះអាងថា ពួកគេបានផ្លោងគ្រាប់មីស៊ីល សំដៅទៅកាន់រាជវាំង ស្ថិតនៅក្នុងរដ្ឋធានីរីយ៉ាដ របស់ប្រទេសអារ៉ាប៊ីសាអូឌីត ហើយគ្រាប់មីស៊ីលទាំងនោះ ក៏ត្រូវបានបាញ់ស្ទាក់ផងដែរ។ នេះបើតាមការចេញផ្សាយព័ត៌មាន នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០១៧។
សាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែក បានឲ្យដឹងថា ពួកគេបានលឺសំឡេងផ្ទុះយ៉ាងកក្រើក ហើយផ្សែងខ្មួលខ្មាញ់ ក៏ផុសឡើងក្នុងផ្ទៃមេឃតែម្តង ដែលជាសញ្ញាបញ្ជាក់ថា ជាគ្រាប់មីស៊ីលបានប៉ះទង្គិចគ្នា នាំឲ្យផ្ទុះយ៉ាងខ្លាំងក្លាលើផ្ទៃអាកាស។ ក្រុមហួធីបានអះអាងថា ពួកគេបានបាញ់មីស៊ីលប្រភេទ Burkan-2 សំដៅទៅកាន់រាជវាំង Yamama របស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត៕