(អង់ការ៉ា)៖ ក្រោយពីសមាជិកក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC) ចំនួន ១៥ប្រទេស មានតែសហរដ្ឋអាមេរិកតែឯង វេតូ (ជំទាស់) នឹងសេចក្តីព្រាងដំណោះស្រាយ លើបញ្ហាពាក់ព័ន្ធរឿងទទួលស្គាល់ហ្សេរុយសាឡឹម ជារដ្ឋធានីអ៊ីស្រាអែលនោះ ឧបនាយករដ្ឋមន្ត្រីតួកគី លោក ប៊ែកឺ បូសដាច (Bekir Bozdag) បានធ្វើការរិះគន់ចំៗចំពោះរដ្ឋបាល លោក ដូណាល់ ត្រាំ តែម្តងដោយចោទប្រកាន់ថា អ្វីដែលអាមេរិកបានធ្វើ គឺផ្ទុយទៅនឹងច្បាប់អន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០១៧។
លោក Bozdag បានបញ្ជាក់យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកមិនគួររក្សាជំហររបស់ខ្លួន ដែលផ្ទុយទៅនឹងច្បាប់អន្តរជាតិនោះទេ។ អាមេរិកគួរតែសម្រេចចិត្តឲ្យត្រូវឡើងវិញ ឲ្យបានលឿនតាមដែលអាចធ្វើទៅបាន»។ លោកឧបនាយករដ្ឋមន្ត្រីតួកគី បានបន្តទៀតថា ប្រទេសតួកគីនឹងបន្តតាមដានស្ថានការណ៍នេះទៅមុខទៀត ហើយតួកគីទទួលស្គាល់ និងរក្សាឋានៈរបស់ហ្សេរុយសាឡឹម ជារដ្ឋធានីរបស់ប៉ាឡេស្ទីន។
នាថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) សមាជិក ១៤ប្រទេសផ្សេងទៀត នៃក្រុមប្រឹក្សាសន្តិសុខ UN បានបោះឆ្នោតក្នុងសំឡេងគាំទ្រ ចំពោះដោះស្រាយដែលព្រាងដោយប្រទេសអេហ្ស៊ីបនេះ ក៏ប៉ុន្តែដោយសារសហរដ្ឋអាមេរិក ដែលជាសមាជិកអចិន្រ្តៃយ៍របស់ UNSC មានអំណាចវេតូ សេចក្តីព្រាងក៏ទទួលបរាជ័យ មិនត្រូវបានអនុម័ត។
គួរជម្រាបថា ជាមួយគ្នានេះតំណាងចក្រភពអង់គ្លេស បារាំង រួមទាំងចិនជាដើម បានលើកឡើងថា ស្ថានភាពរបស់ហ្សេរុយសាឡឹម គួរតែកំណត់តាមរយៈការបើកកិច្ចចរចា ស្វែងរកដំណោះស្រាយ រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ហើយចុងក្រោយបំផុតនោះ គឺថាទីក្រុងនេះគួរឲ្យតែក្លាយរដ្ឋធានីរួមរបស់អ៊ីស្រាអែល និងប៉ាឡេស្ទីន៕