(សេអ៊ូល)៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានគ្រោងនឹងចេញបម្រាមលើការថតវីដេអូ ឬក៏ការថតរូបសន្លឹក នៅក្នុងកន្លែងផ្ទះងូតទឹកសាធារណៈ (Bathhouse), កន្លែងផ្លាស់ប្តូរសម្លៀកបំពាក់, និងបន្ទប់ទឹក ដើម្បីទប់ស្កាត់បទល្មើស ដែលកើតចេញពីប្រព័ន្ធកាមេរ៉ាលាក់បាំង នៅតាមទីតាំងទាំងនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០១៧។
បើតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃកូរ៉េខាងត្បូង សេចក្តីព្រាងច្បាប់ ដើម្បីការពារព័ត៌មានវីដេអូ-រូបភាពឯកជនខាងលើ ត្រូវបានអនុម័តនៅក្នុងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ហើយវានឹងត្រូវបញ្ជូនបន្តទៅកាន់រដ្ឋសភា ដើម្បីធ្វើការសម្រេចមួយដំណាក់កាលទៀត។
គួរជម្រាបថា នៅក្រោមសេចក្តីស្នើច្បាប់នេះ ការដំឡើងឧបករណ៍ថតរូបភាព ឬវីដេអូគ្រាប់ប្រភេទ នៅតាមផ្ទះងូតទឹត ក៏ដូចជាបន្ទប់ទឹកសាធារណៈ ព្រមទាំងកន្លែងផ្លាស់សម្លៀកបំពាក់ និងកន្លែងដទៃៗទៀត ដែលអាចមានសកម្មភាពបំពានសិទ្ធិឯកជន នឹងត្រូវហាមប្រាមជាដាច់ខាត។ ឧបករណ៍ដែលត្រូវជាប់បម្រាមរួមមាន កាមេរ៉ាសន្តិសុខ CCTV និងកាមេរ៉ាភ្ជាប់អ៊ីនធើណែត ព្រមទាំងឧបករណ៍ចល័តដូចជា កាមេរ៉ាឌីជីថល, ស្មាតហ្វូន, និងឧបករណ៍បំះពាក់លើខ្លួនមួយចំនួនទៀត។
ជនណាដែលល្មើសនឹងច្បាប់ខាងលើ អាចទទួលរងការពិន័យជាទឹកប្រាក់រហូតដល់ ៥០លានវ៉ុន ដែលស្មើនឹង ៥៦,០០០ដុល្លារ៕