(វ៉ាស៊ីនតោន)៖ កូរ៉េខាងជើងនៅថ្ងៃអង្គារនេះ បានទាត់ចោលសំណើរៀបចំកិច្ចសន្ទនាឥតលក្ខខណ្ឌ របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន ដោយថែមទាំងអះអាងដែរថា ខ្លួននឹងមិនបោះបង់ចោលអាវុធនុយក្លេអ៊ែរជាដាច់ខាត ទាល់តែទីក្រុងវ៉ាស៊ីនតោនបោះចោល គោលនយោបាយប្រឆាំងនឹងរបបដឹកនាំ លោក គីម ជុងអ៊ុន។ នេះបើតាម Rodong Sinmun ដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០១៧។
ថ្លែងនៅក្នុងបទវិចារណកថារបស់ខ្លួន កាសែតរដ្ឋកូរ៉េខាងជើង Rodong Sinmun បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិក កំពុងព្យាយាមទម្លាក់ការទទួលខុសត្រូវ នៃភាពតានតឹងនៅលើឧបទ្វីបកូរ៉េមកលើពួកយើង តាមរយៈការបង្កើតសន្ទនា ដោយមិនចេះខ្មាសអៀនរបស់ខ្លួន។ ចេតនានេះត្រូវបានគេមើលឃើញថា ពួកគេមានបំណង ប្រើប្រាស់ដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ក្នុងនោះរួមមានទាំងការបិទខ្ទប់ដែនសមុទ្រ បើសិនជាពួកយើងមិនព្រមទទួលយកកិច្ចសន្ទនាទេនោះ ...ដូច្នេះយើងមិនខ្វល់ឡើយថា សហរដ្ឋអាមេរិកចង់ចរចាដោយចិត្តស្មោះ ឬក៏យ៉ាងណា ប៉ុន្តែយើងមិនបោះចោលអាវុធនុយក្លេអ៊ែរជាដាច់ខាត បើសហរដ្ឋអាមេរិកមិនព្រម បោះចោលគោលនយោបាយ ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង»។
គួររំលឹកថា កាលពីសប្ដាហ៍មុន លោក រិច ធីល្លឺសុន បាននិយាយថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចរចាជាមួយកូរ៉េខាងជើង ដោយគ្មានលក្ខខណ្ឌ ប៉ុន្តែគឺតម្រូវឲ្យកូរ៉េខាងជើង ព្រមលះបង់អាវុធនុយក្លេអ៊ែរជាមុនសិន។ ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមក លោកបែរជានិយាយថា កូរ៉េខាងជើង គួរតែបោះបង់ចោលអាកប្បកិរិយាបង្ករឿងជាមុនសិន មុននឹងចង់ចាប់ផ្ដើមចរចា ដែលប្រការនេះបាននាំឲ្យសារព័ត៌មានអន្តរជាតិធំមានការចាប់អារម្មណ៍ ជាពិសេសចំពោះការខ្វែងគំនិតគ្នារវាងក្រសួងការបរទេសអាមេរិក និងសេតវិមានលោក ដូណាល់ ត្រាំ ទៅលើការថ្លែងអំពីគោលនយោបាយ ចំពោះប្រទេសកូរ៉េខាងជើង៕