ដូណាល់ ត្រាំ៖ «កូរ៉េខាងជើងកំពុងផលិតអាវុធនុយក្លេអ៊ែរ ដើម្បីសម្លាប់ប្រជាជនអាមេរិករាប់លាននាក់...»
19-12-2017 13:41
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា កូរ៉េខាងជើងកំពុងអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ ដើម្បីសម្លាប់ប្រជាជនអាមេរិករាប់លាននាក់។ លោក ត្រាំ ថ្លែងបែបនេះ នៅក្នុងការប្រកាសគោលនយោបាយ សន្តិសុខជាតិថ្មីរបស់លោក នៅថ្ងៃចន្ទសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០១៧។
នៅក្នុងឯកសារតម្កល់ផលប្រយោជន៍អាមេរិកមុនគេ ឬ American First មានកម្រាស់ ៥៥ទំព័រ លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ពីអាទិភាព នៃរដ្ឋបាលរបស់លោក ក្នុងការការពារទឹកដីអាមេរិក លើកកម្ពស់ការអភិវឌ្ឍ និងថែរក្សាសន្តិភាព តាមរយៈកម្លាំង និងការបង្កើនឥទ្ធិពលអាមេរិក។ «កូរ៉េខាងជើងកំពុងអភិវឌ្ឍន៍សមត្ថភាពអាវុធនុយក្លេអ៊ែរ
ដើម្បីសម្លាប់ប្រជាជនអាមេរិករាប់លាននាក់... ហើយមិនតែប៉ុណ្ណោះ ទីក្រុងព្យុងយ៉ាង ក៏កំពុងបន្តផលិតអាវុធជីវសាស្ត្រ និងគីមីដែលបំពាក់លើគ្រាប់មីស៊ីលផងដែរ»។ នេះ បើតាមឯកសារយុទ្ធសាស្ត្ររបស់ លោក ដូណាល់ ត្រាំ។
គួរបញ្ជាក់ថា បើតាមឯកសារយុទ្ធសាស្ត្ររបស់ លោក ត្រាំ សហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួន សំដៅលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ ព្រមទាំងបានប្ដេជ្ញាចិត្តការពារជប៉ុន និងកូរ៉េខាងត្បូង ពីការគំរាមកំហែងដោយកូរ៉េខាងជើង៕