(វ៉ាស៊ីនតោន)៖ គេហទំព័រនៃសេតវិមានសម្រាប់ឱ្យប្រជាជនអាមេរិក ដាក់ញត្តិ ឬ «We the People, យើងជាប្រជាជន» ដើម្បីសម្ដែងក្ដីព្រួយបារម្ភនានារបស់ពួកគេនោះ ត្រូវបានបិទ ជាបណ្ដោះអាសន្នហើយ ចាប់ពីថ្ងៃចន្ទសប្ដាហ៍នេះតទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០១៧។
យោងតាមមន្ត្រីសេតវិមានម្នាក់ នៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា គេហទំព័រដែលត្រូវបានដាក់ឱ្យដំណើរការ កាលពីឆ្នាំ២០១១ ដោយរដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា នោះនឹងត្រូវលុបចោល នៅពាក់កណ្ដាលយប់ថ្ងៃអង្គារនេះ (ម៉ោងនៅសហរដ្ឋអាមេរិក) ហើយគេហទំព័រថ្មីមួយទៀត នឹងត្រូវដាក់ឱ្យជំនួសនៅចុងខែមករាខាងមុខនេះ។ មន្ត្រីរូបនេះដដែល ក៏បានបញ្ជាក់ដែរថា ការសម្រេចចិត្តរបស់សេតវិមាន នឹងជួយសន្សំអ្នកបង់ពន្ធជាង ១.៣លានដុល្លារក្នុងមួយឆ្នាំ រីឯរាល់ញត្តិ និងចម្លើយទៅវិញ នឹងត្រូវបានថែរក្សាទុក។
គួរបញ្ជាក់ថា ញត្តិមានហត្ថាលេខាពីប្រជាជនអាមេរិក ១០០,០០០នាក់ អាចជំរុញឱ្យសេតវិមានផ្ដល់ចម្លើយតបមកវិញ។ ប៉ុន្តែ ក្រោយឡើងកាន់អំណាចអស់មួយឆ្នាំមកនេះ រដ្ឋបាលអាមេរិករបស់ លោក ដូណាល់ ត្រាំ មិនបានឆ្លើយតបនឹងញត្តិជាច្រើនរបស់ប្រជាជនអាមេរិក ខណៈក្នុងចំណោមញត្តិទាំងនោះ មានខ្លះជំរុញឱ្យប្រធានាធិបតីអាមេរិរូបនេះ បញ្ចេញព័ត៌មានពាក់ព័ន្ធនឹងការបង់ពន្ធរបស់លោក ព្រមទាំងបង្ហាញពីទ្រព្យសម្បត្តិដ៏គួរឱ្យទុកចិត្តបាន៕