(វ៉ាស៊ីនតោន)៖ យោងតាមទិន្នន័យថ្មី ដែលប្រមូលបានដោយយានអវកាស Juno របស់អង្គការ NASA ក្នុងអំឡុងពេលនៃការហោះឆ្វែល Flyby ជាលើកដំបូងរបស់វា ពីលើចំណុចភ្នែកក្រហម ដែលគេហៅថា The Great Red Spot របស់ភពព្រហស្បតិ៍ (Jupiter) នោះបានបង្ហាញឲ្យដឹងថា បាតុភូតព្យុះដ៏ល្បីបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងនេះ មានជម្រៅទៅក្នុងយ៉ាងជ្រៅក្រោមផ្ទៃ នៃពពកដ៏ខ្មួលខ្មាញ់របស់ភពយក្សនេះ ដែលនេះត្រូវបានចាត់ទុកជាអាថ៌កំបាំងធំមួយ ដែលត្រូវបានបំបែក។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០១៧។
សំណួរដ៏សាមញ្ញមួយ ពាក់ព័ន្ធនឹងបុគ្គលិកលក្ខណៈដ៏ប្លែក របស់ភពព្រហស្បតិ៍នោះ គឺថា តើវាមានជម្រៅជ្រៅដល់កម្រិតណា។ ប្រធានស្រាវជ្រាវ នៃបេសកកម្ម Juno លោក Scott Bolton បានឲ្យដឹងថា «ទិន្នន័យថ្មីរបស់ Juno បានឲ្យតំរុញថា ព្យុះដ៏ល្បីប្រចាំប្រព័ន្ធសូឡានេះ មានទទឹងស្ទើរតែស្មើនឹងទទឹងរបស់ភពផែនដីយើងមួយកន្លះ ហើយវាចាក់ឬសគល់យ៉ាងជ្រៅប្រមាណ ៣០០គីឡូម៉ែត្រ ចូលទៅក្នុងបរិយាកាស នៃភពឧស្ម័នយក្សនេះ»។
ចំណុច Great Red Spot របស់ Jupiter គឺជារង្វង់ពពកយក្សពណ៌ក្រហមរាងពងក្រពើ ស្ថិតនៅអឌ្ឍគោលខាងត្បូងរបស់ Jupiter ដែលវិលបញ្រ្ចាសនឹងទ្រនិចនាឡិកា ហើយមានកម្លាំងខ្យល់ខ្លាំងជាង ព្យុះណាណាទាំងអស់ នៅលើផែនដី។ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ Great Red Spot ត្រូវបានគេធ្វើរង្វាស់ថា មានមុខកាត់ប្រវែង១៦,០០០គីឡូម៉ែត្រ ដែលស្មើនឹង ១.៣ដង នៃប្រវែងមុខកាត់របស់ផែនដី ឬអាចផ្ទុកវត្ថុប៉ុនភពផែនដីបានចំនួនបី។
ក្រុមការងារម្នាក់ទៀតរបស់ Juno គឺលោក Andy Ingersoll បានបន្ថែមថា យានអវកាស Juno បានរកឃើញថា ឬសរបស់ Great Red Spot មានជម្រៅជ្រៅជាងមហាសមុទ្រនានា នៃភពរបស់យើងចន្លោះពី ៥០ ទៅ ១០០ដងឯណោះ ហើយផ្នែកគល់ខាងក្រោម មានភាពកក់ក្តៅជាងផ្នែកខាងលើរបស់វា។
ខណៈព្យុះដ៏អស្ចារ្យនេះ ត្រូវបានបន្តឃ្លាំមើលរហូតមកចាប់តាំងតែពីឆ្នាំ១៨៣០ ម្ល៉េះនោះ វាប្រហែលជាអាចមានអាយុកាលចំនួន ៣៥០ឆ្នាំ មកហើយ។ នៅក្នុងសតវត្សរ៍ទី១៩ ព្យុះ Great Red Spot មានមុខកាត់ធំជាងផែនដីដល់ទៅ ០២ដង ប៉ុន្តែមកដល់សម័យទំនើបនេះ វាហាក់ដូចជាបានរួមតូចជាងមុន បើតាមការវាស់វែងដោយតេឡេស្កូបនៅលើផែនដី ព្រមទាំងតាមរយៈយានអវកាស៕