(អាមេរិក)៖ មនុស្សយ៉ាងតិច០៣នាក់ បានបាត់បង់ជីវិត និងជាង២០នាក់ផ្សេងទៀត បានទទួលរងរបួស នៅពេលដែលរថភ្លើងមួយខ្សែ បានក្រឡាច់ធ្លាក់ចេញពីលើដែក-ស្ពាន នាយប់ថ្ងៃចន្ទម្សិលមិញនេះ ក្នុងការធ្វើដំណើរលើកដំបូងរបស់វា នៅលើផ្លូវដែលទើបត្រូវដាក់ឲ្យប្រើប្រាស់ថ្មី ក្នុងតំបន់ Pierce នៃរដ្ឋវ៉ាស៊ីនតោនភាគខាងលិច សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០១៧។
បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអាមេរិកផ្ទាល់ រថភ្លើង Amtrak 501 មានផ្ទុកអ្នកដំណើរ៧៧នាក់ និងក្រុមការងារលើរថភ្លើងចំនួន០៦នាក់ កំពុងធ្វើដំណើរឆ្ពោះទៅកាន់ភាគខាងត្បូង ដោយចេញពីទីក្រុង Seattle នៅពេលដែលកំណាត់ទូរចំនួន១៣ ក្នុងចំណោមទូរទាំង១៤ របស់វា ស្រាប់តែបានរអិលធ្លាក់ចេញពីផ្លូវ នៅក្បែរក្រុង Tocoma ក្នុងតំបន់ Pierce ហើយទូរមួយចំនួនបានធ្លាក់ចេញពីលើស្ពានផ្លូវដែកតែម្តង ទៅលើផ្លូវហាយវ៉េស្ថិតនៅពីក្រោម ដែលកំពុងមានចរាចរណ៍យ៉ាងមមាញឹក។
គួរជម្រាបថា បើតាមអាជ្ញាធរក្នុងតំបន់កើតហេតុ វាជាការធ្វើប្រតិបត្តិការលើកទី១ របស់រថភ្លើងមួយខ្សែនេះ នៅលើផ្លូវធ្វើដំណើរថ្មី ដោយផ្លូវដែកថ្មីមួយខ្សែនេះ ទីបំផុតត្រូវបានសម្រេចដាក់ឲ្យប្រើប្រាស់ជាសាធារណៈ បន្ទាប់ពីមានការត្រួតពិនិត្យ និងធ្វើតេស្តអស់រយៈពេលជាច្រើនសប្តាហ៍៕