(ម៉ានីល)៖ អាជ្ញាធរហ្វីលីពីននៅថ្ងៃអង្គារនេះ បានឱ្យដឹងថា សាកសពមនុស្ស ១០នាក់ បន្ថែមទៀតត្រូវបានគេរកឃើញ នៅក្នុងភូមិដែលរងគ្រោះដោយសារគ្រោះរអិលបាក់ដី បង្កឡើងដោយព្យុះ Kai-Tak នៅក្នុងខេត្ត Biliran នៃភាគកណ្ដាលប្រទេសហ្វីលីពីន ហើយដែលនេះបានធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ៤១នាក់។ នេះបើតាមការចេញ ផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០១៧។
យោងតាម លោក Jun Dacillo ប្រធានអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយប្រចំាខេត្ត Biliran សាកសពមនុស្សទាំង ១០នាក់ ខាងលើនេះត្រូវបានគេរកឃើញនៅក្នុងភូមិមួយ ដែលរងគ្រោះដោយសារគ្រោះរអិលបាក់ដី ស្ថិតនៅខេត្តភាគកណ្ដាលប្រទេស។ លោក Dacillo បានបន្ថែមទៀតថា មកទល់នឹងពេលនេះ ចំនួនអ្នកសា្លប់កើនដល់ ៤១នាក់ ខណៈ មនុស្ស ២៣នាក់ នៅតែបន្តបាត់ខ្លួននៅឡើយ។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពី លោក Harry Roque បានឱ្យដឹងថា ព្យុះ Kai-Tak បានបង្កផលប៉ះពាល់ដល់ប្រជាជន ៦២,៣០៩ គ្រួសារ ហើយមនុស្ស ២៧០,៧០៧នាក់ ក៏ទទួលរងផលប៉ះពាល់ផងដែរ ស្របហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅក្នុងខេត្ត Biliran រងការខូចខាតយ៉ាងដំណំ៕