(លីប៊ី)៖ លោក សាអ៊ីហ្វ អាល់ អ៊ីស្លាម (Saif al-Islam) ជាកូនប្រុស​បង្កើតរបស់អតីត​មេដឹកនាំ​លីប៊ី លោក មួអាម៉ារ ហ្គាដាហ្វី (Mouammar Kadhafi) នឹងឈរឈ្មោះ​ជាបេក្ខជន​ក្នុងការបោះឆ្នោត​ប្រធានាធិបតី​លីប៊ី នៅពាក់កណ្ដាល​ឆ្នាំ២០១៨ ខាងមុខនេះ។ នេះបើតាម​អ្នកនាំពាក្យ​គ្រួសារ លោក Kadhafi ដកស្រង់ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០១៧។

ថ្លែងនៅក្នុង​បទសម្ភាសន៍​ជាមួយ​ សារព័ត៌មាន Egypt Today អ្នកនាំពាក្យ​គ្រួសារ លោក Kadhafi គឺលោក បាសេម អាល់ ហាស៊ីមី អាល់ សូល (Basem al-Hashimi al-Soul) បានបញ្ជាក់​យ៉ាងដូច្នេះថា «លោក Saif al-Islam នឹងចូលរួមប្រកួត​ប្រជែង​ នៅក្នុងការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​លីប៊ី ដែលគួរតែអាច​នឹងប្រពឹត្តទៅ​នៅពាក់​កណ្ដាល​ឆ្នាំ២០១៨»

ប៉ុន្តែការ​លើកឡើង បែបនេះកើត​មានឡើង​ នៅចំពេលមាន​សេចក្ដីរាយការណ៍​ជាច្រើនថា ប្រជាជន​លីប៊ី​មួយចំនួនធំ ធ្លាប់បានបង្ហាញ​ការសោកស្ដាយ​ ចំពោះការដួល​រលំរបបដឹកនាំ លោក Kadhafi ខណៈប្រទេស​លីប៊ីបច្ចុប្បន្ន​កំពុងស្ថិតក្នុង​ភាពវឹកវរ ឯសេដ្ឋកិច្ចវិញ​ទទួលរងផលប៉ះពាល់​យ៉ាងដំណំ មិនដូចសម័យកាល ហ្គាដាហ្វី ដែលលីប៊ី ត្រូវបានចាត់​ទុកជាសេដ្ឋីប្រេងមួយផងដែរ នៅតំបន់អាហ្វ្រិកខាងជើង។

គួរបញ្ជាក់ថា ក្រោយ​របបដឹកនាំ Mouammar Kadhafi ដួលរលំកាលពី​ឆ្នាំ២០១១ គេគ្រប់គ្នាសុទ្ធតែ​យល់ថា ប្រទេសលីប៊ី​នឹង​មានសន្តិភាព និង​ប្រជាធិបតេយ្យ ដូចដែល សហរដ្ឋអាមេរិក និងបណ្ដាប្រទេស​លោកខាង​លិចចង់បាន។ ប៉ុន្តែលីប៊ី​មកទល់នឹង​ពេលនេះ នៅតែស្ថិតនៅក្នុងភាពវឹកវរ រីឯប្រទេសត្រូវ​ពុះចែកជាពីរ ដោយរដ្ឋាភិបាល​មួយនៅ​ទីក្រុង Tobrouk ស្ថិតនៅ​ភាគខាងកើត​នៃប្រទេស ហើយរដ្ឋាភិបាលមួយទៀត​នៅទីក្រុង Tripoli ភាគខាងលិច​នៃប្រទេស ដែលត្រូវអន្តរជាតិ​ទទួល​ស្គាល់៕