(ហុងដូរ៉ាស)៖ លទ្ធផលបោះឆ្នោតដែលបញ្ជាក់ថា ប្រធានាធិបតីបច្ចុប្បន្នគឺ លោក Juan Orlando Hernandez ជាអ្នកទទួលបានជ័យជម្នះនោះ កំពុងបង្កជាការតវ៉ានៅក្នុងប្រទេស ហុងដូរ៉ាស ជាទីដែលក្រុមអ្នកគាំទ្រគណបក្សប្រឆាំង បានសម្ដែងការជំទាស់នឹងលទ្ធផលបោះឆ្នោត និងអំពាវនាវឱ្យមានការបោះឆ្នោតសាជាថ្មី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០១៧។
រយៈពេលមួយខែបន្ទាប់ពីការបោះឆ្នោត កាលពីថ្ងៃទី២៦ ខែវិច្ឆិកា តុលាការកំពូលកាលពីថ្ងៃអាទិត្យ បាននិយាយថា លទ្ធផលបោះឆ្នោតត្រូវបានទទួលស្គាល់ជាផ្លូវការ ពោលគឺបេក្ខជនមកពីគណបក្សប្រឆាំង លោក Salvador Nasralla បានបរាជ័យក្រោមស្នាដៃ របស់ប្រធានាធិបតីហុងដូរ៉ាសបច្ចុប្បន្ន លោក Juan Orlando Hernandez។
ទោះជាបែបនេះក្ដី លោក Nasralla បានទាត់ចោលលទ្ធផលបោះឆ្នោតនេះ ហើយអំពាវនាវឱ្យអ្នកគាំទ្ររបស់ខ្លួន នាំគ្នាចុះតាមដងផ្លូវដើម្បីធ្វើបាតុកម្មតវ៉ាទាមទារឱ្យ មានការបោះឆ្នោតឡើងវិញម្ដងទៀត។ «យើងអំពាវនាវឱ្យប្រជាជនហុងដូរ៉ាស ធ្វើសកម្មភាពជាបន្ទាន់ប្រឆាំងនឹងលទ្ធផលបោះឆ្នោត ដែលត្រូវបានគេលួចបន្លំ»។ នេះគឺ ជាការលើកឡើងរបស់មេដឹកនាំបក្សប្រឆាំង។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរហុងដូរ៉ាស ក្រុមបាតុករបាននំាគ្នាដុតភ្លើង និងបិទផ្លូវជាច្រើន ខណៈការប៉ះទង្គិចគ្នាជាមួយប៉ូលិស ក៏បានផ្ទុះឡើងផងដែរ ដោយប៉ូលិសបាន ប្រើប្រាស់ឧស្ម័នបង្ហូទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករ៕