ក្រោយរបប Mugabe ដួលរលំ «ប្រធានាធិបតីថ្មីសម្រេចតែងតាំង រដ្ឋមន្ត្រីការពារជាតិថ្មី» ដែលទទួលខុសត្រូវលើកងទ័ព...
19-12-2017 09:38
(ហ្ស៊ីមបាវេ)៖ ប្រធានាធិបតីថ្មីរបស់ហ្ស៊ីមបាវេ លោក អេមម៉ឺសុន ម៉ាណាងហ្គាវ៉ា (Emmerson Mnangagwa) បានតែងតាំង លោក ហ្វីលីព វ៉ាល្លឺរីយ៉ូ ស៊ីបានដា (Philip Valerio Sibanda) ជាប្រមុខការពារជាតិថ្មីរបស់លោក ជំនួសលោក ខុនស្ទេនទីណូ ឈីវេងហ្គា (Constantino Chiwenga) ជាបុរសនៅពីក្រោយការធ្វើអន្តរាគមន៍យោធា កាលពីខែមុន ដែលឈានឲ្យមានការចុះចេញពីអំណាច នៃអតីតមេដឹកនាំ លោក Robert Mugabe។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០១៧។
លោក Mnangagwa ដែលត្រូវបានគេទទួលស្គាល់ជា មេដឹកនាំថ្មីរបស់បក្សកាន់អំណាច ZANU-PF នោះ បានថ្លែងនៅក្នុងសភាហ្ស៊ីមបាវេថា រូបលោកក៏នឹងប្រកាសពីឈ្មោះបុគ្គល ដែលនឹងត្រូវកាន់មុខតំណែងជាអនុរបស់លោកចំនួន ០២រូប នាពេលឆាប់ៗខាងមុខនេះផងដែរ។
គួរជម្រាបថា លោក Chiwenga ដែលនឹងចូលនិវត្តន៍ជាបណ្តោះអាសន្ន ដើម្បីរង់ចាំការតែងតាំងថ្មីនោះត្រូវគេរំពឹងថា នឹងក្លាយជាអនុប្រធានាធិបតីមួយរូបរបស់ហ្ស៊ីមបាវេ៕