(ម៉ានីល)៖ ចំនួនមនុស្សស្លាប់បានកើនដល់យ៉ាងតិច ៣១នាក់ ដោយសារគ្រោះរអិលបាក់ និងទឹកជំនន់ ដែលបង្កឡើងដោយព្យុះត្រូពិក Kai Tak ដ៏មានឥទ្ធិពលមួយ ដែលបាននិងកំពុងវាយប្រហារ ភាគកណ្តាលប្រទេសហ្វីលីពីន ចាប់តាំងតែពីថ្ងៃសៅរ៍កន្លងទៅមកម្ល៉េះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០១៧។
អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន លោក Harry Roque បានឲ្យដឹងថា មនុស្សចំនួន ០៥នាក់ បានបាត់បង់ជីវិតនៅលើកោះ Leyte, ម្នាក់នៅខេត្ត Samar ខាងកើត, ០២នាក់នៅលើកោះ Samar, និង ២៣នាក់នៅលើកោះ Biliran។ ថ្លែងក្នុងសន្និសីទកាសែតមួយនៅលើកោះ Biliran លោក Roque បានប្រាប់ថា «មកទល់ល្ងាចថ្ងៃចន្ទនេះ យើងមានមនុស្សបាត់ខ្លួនចំនួន ៤៩នាក់»។
គួរជម្រាបថា ក្រៅពីមនុស្សរងគ្រោះថ្នាក់ ព្យុះកំណាចខាងលើ ក៏បានជះផលប៉ះពាល់ដល់គ្រួសារប្រមាណ ៦២,៣០៩គ្រួសារ ឬស្មើនឹង ២៧០,៧០៧នាក់ផងដែរ៕