(ហុងឌូរ៉ាស)៖ បងស្រីបង្កើត​របស់ប្រធានាធិបតី​ហុងដូរ៉ាស លោក Juan Orlando Hernandez និងមនុស្សប្រាំនាក់​ផ្សេងទៀត​បានស្លាប់​បាត់បង់ជីវិត នៅក្នុងហេតុការណ៍​ធ្លាក់ឧទ្ធម្ភាគចក្រ នៅឯតំបន់​ភាគពាយ័ព្យ​នៃប្រទេស។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ​ ទី១៨ ខែធ្នូ ឆ្នាំ២០១៧។

យោងតាម​យោធាហុងដូរ៉ាស ហេតុការណ៍ធ្លាក់​ឧទ្ធម្ភាគចក្រនេះ បានកើតឡើង​កាលពីថ្ងៃសៅរ៍ ពោលគឺតែមួយថ្ងៃប៉ុណ្ណោះ មុននឹងលោក Hernandez ត្រូវជាប្អូនប្រុស របស់លោកស្រី Hilda Hernandez មានអាយុ ៥១ឆ្នាំ ត្រូវបានតុលាការកំពូល​ហុងឌូរ៉ាស (TSE) ប្រកាស​ជាផ្លូវការ​នៅថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ឆ្នាំ២០១៧ (ពេលវេលានៅ​អាមេរិកកណ្តាល) ដោយទទួលស្គាល់​លោក Juan Orlando Hernandez ប្រធានាធិបតី នៃប្រទេសតំបន់​អាមេរិកកណ្តាល​មួយ​នេះឲ្យឡើងកាន់​​តំណែងបន្ត​នាអាណត្តិ​ទីពីរទៀត បន្ទាប់ពីលទ្ធផល​​ក្រោយការបោះឆ្នោត បង្ហាញចេញជា​ផ្លូវការថា លោកឈ្នះ និងត្រឹមត្រូវតាម​ច្បាប់បោះឆ្នោត។

ជុំវិញហេតុការណ៍ដ៏គួរឲ្យសង្វេគខាងលើនេះ យោធាហុងដូរ៉ាស​បានគូសបញ្ជាក់​បន្ថែមថា «បំណែក​បែកបាក់ នៃឧទ្ធម្ភាគចក្រ​ធុន AS350 ត្រូវបាន​គេរកឃើញ ហើយមនុស្សទាំង ០៦នាក់ នៅលើយន្ដហោះ​ក្នុងនោះរួមមាន​ទំាងបងស្រី​លោក​ប្រធានាធិបតីគឺ លោកស្រី Hilda Hernandez គ្មាននរណា​ម្នាក់នៅរស់រាន​មានជីវិត​ឡើយ»

គួរបញ្ជាក់ថា បើតាមយោធា​ហុងដូរ៉ាស់ ឧទ្ធម្ភាគចក្រធុន​ខាងលើនេះបានហោះហើរ​ចាកចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ Toncontin ក្នុងរដ្ឋ​ធានី Tegucigalpa ឆ្ពោះ​ទៅកាន់​តំបន់ Comayagua ស្ថិតនៅចំងាយ ៨០គីឡូម៉ែត្រ ពីភាគពាយ័ព្យនៃប្រទេស រីឯមូលហេតុធ្លាក់​ពុំទាន់ត្រូវបានគេ​បញ្ជាក់ឱ្យច្បាស់នៅឡើយទេ ខណៈបញ្ហាអាកាសធាតុ​ អាចជា​មូលហេតុទីមួយ នៃគ្រោះថ្នាក់នេះ៕