(ញូដេលី)៖ មនុស្សយ៉ាងតិច ១២នាក់បានស្លាប់ និង ០៤នាក់ទទួលរងរបួស នៅក្នុងគ្រោះអគ្គីភ័យដ៏ធំមួយនៅហាងមួយកន្លែង ស្ថិតក្នុងរដ្ឋធានីញូដេលី ភាគខាងជើង នៃប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០១៧។
មន្រ្តីប៉ូលិសជាន់ខ្ពស់ឥណ្ឌាម្នាក់បានឲ្យដឹងថា ហេតុការណ៍ខាងលើបានកើតឡើងនៅហាងមានឈ្មោះថា Bhanu Farsan ជាប់ផ្លូវ Khairani ក្នុងតំបន់ Naka-Kurla នៃទីក្រុងញូដេលី នាព្រឹកថ្ងៃចន្ទនេះ ហើយគ្រោះអគ្គីភ័យនោះ បានឆាបឆេះសម្ភារៈនានាយ៉ាងសន្ធោសន្ធៅ និងបណ្តាលឲ្យកម្មករមួយចំនួនជាប់នៅក្នុងហាង។
អាជ្ញាធរដដែលបានបន្តថា អណ្តាតភ្លើងបានរីករាលដាលយ៉ាងឆាប់រហ័ស ហើយក្នុងពេលត្រឹមប៉ុន្មាននាទីប៉ុណ្ណោះ ហាងទាំងមូលត្រូវបានលេបត្របាក់ទាំងស្រុង។ ខណៈមនុស្ស ១២នាក់ បានបាត់បង់ជីវិតនៅហ្នឹងកន្លែង ដោយឡែកអ្នកដែលរងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ដោយក្រុមពន្លត់អគ្គីភ័យ និងក្រុមអ្នកជួយសង្រ្គោះ។
ជាមួយគ្នានេះ កម្មករប្រមាណ ០៦នាក់ផ្សេងទៀត ត្រូវគេព្រួយបារម្ភថា ប្រហែលជាអាចនៅកប់ក្រោមគំនរបាក់បែកហាងនេះ ស្របពេលដែលអគ្គីភ័យត្រូវបាន ពន្លត់ ១០០ភាគរយហើយ។ គួរជម្រាបថា ការស៊ើបអង្កេត ក៏ត្រូវបានបង្គាប់ឲ្យធ្វើឡើងទៅលើសោកនាដកម្មនេះផងដែរ៕