(ប៉ាឡេស្ទីន)៖ ប្រភពពីមន្រ្តីសន្តិសុខបានឱ្យដឹងថា យន្ដហោះចម្បាំងអ៊ីស្រាអែលជាច្រើនគ្រឿង បានបើកការវាយប្រហារតាមផ្លូវអាកាស លើមូលដ្ឋានយោធារបស់ក្រុមហាម៉ាស់-ប៉ាឡេស្ទីន នៅក្នុងតំបន់ Gaza Strip ជាការសងសឹកទៅនឹងគ្រាប់រ៉ុក្កែត ដែលត្រូវបានគេបាញ់ចេញពីទឹកដីប៉ាឡេស្ទីន ចូលក្នុងទឹកដីអ៊ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០១៧។
យោងតាមប្រភពពីមន្ត្រីសន្តិសុខ កាលពីយប់ថ្ងៃអាទិត្យ យន្ដហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារលើមូលដ្ឋានយោធាពីរកន្លែង របស់ក្រុមហាម៉ាស់ ស្ថិតនៅភាគខាងជើង Gaza Strip ដោយបង្កជាការបំផ្លិចបំផ្លាញយ៉ាងដំណំ តែមិនមានសេចក្ដីរាយការណ៍ពីអ្នករងរបួស ឬក៏បាត់បង់ជីវិតនោះទេ។ ជាងនេះទៅទៀត មិនទាន់មានក្រុមណាមួយ ចេញមុខអះអាងទទួលខុសត្រូវលើការវាយប្រហារ ដោយគ្រាប់រ៉ុក្កែតចូលទឹកដីអ៊ីស្រាអែលនៅឡើយដែរ ខណៈប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា គ្រាប់រ៉ុក្កែតទាំងនេះបានបំផ្លាញផ្ទះពីរខ្នង ប៉ុន្តែមិនបានបណ្ដាលឱ្យមានជនរងគ្រោះណាម្នាក់ទេ។
គួរបញ្ជាក់ថា ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល កាលពីថ្ងៃទី០៦ ខែធ្នូ ភាពតានតឹងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន បានផ្ទុះឡើងជាអំពើហិង្សាផ្ដាច់យកអាយុប្រជាជនប៉ាឡេស្ទីន ០៨នាក់ និងច្រើនជាង ២,០០០នាក់ទៀតរងរបួស៕