(ម៉ានីល)៖ អាជ្ញាធរហ្វីលីពីនបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ២៦នាក់ បានបាត់បង់ជីវិត និងជាច្រើននាក់ទៀតបានបាត់ខ្លួន នៅក្នុងគ្រោះរអិលបាក់ដីមួយ នៅឯខេត្ត Biliran ស្ថិតនៅភាគកណ្ដាលប្រទេសហ្វីលីពីន បន្ទាប់ពីខ្យល់ព្យុះត្រូពិច Kai-tak បានបង្កជាភ្លៀងធ្លាក់យ៉ាងសន្ធាប់។ នេះបើតាមការចេះផ្សាយដោយទីភ្នាក់ងារ
សារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០១៧។
យោងតាមអាជ្ញាធរហ្វីលីពីន កាលពីថ្ងៃអាទិត្យម្សិលមិញ ព្យុះ Kai-tak បានបង្កឱ្យដាច់ចរន្តអគ្គសនី នៅតាមតំបន់មួយចំនួន ក៏ដូចជាបានបង្ខំឱ្យជើងហោះហើរជាច្រើន ត្រូវលុបចោល ខណៈមនុស្ស ៨៨,០០០នាក់ ត្រូវជម្លៀសទៅកាន់ជំរុំស្នាក់នៅបណ្ដោះអាសន្ន រីឯមនុស្ស ១៥,០០០នាក់ ត្រូវជាប់គាំងនៅតាមកំពង់ផែនានា នៅក្នុងតំបន់។ មិនតែប៉ុណ្ណោះ ព្យុះដ៏កំណាចមួយនេះ ក៏បានសម្លាប់មនុស្ស ២៦នាក់ និង ២៣នាក់ ផ្សេងទៀតបាត់ខ្លួនផងដែរ។ នេះបើតាមអាជ្ញាធគ្រប់គ្រោះមហន្តរាយប្រចាំខេត្ត Biliran។
គួរបញ្ជាក់ថា ព្យុះត្រូពិច Kai-tak កាលពីថ្ងៃសៅរ៍កន្លងទៅ បានវាយធ្វើដំណើរឆ្លងកាត់ភាគខាងកើតតំបន់ Visayas ក្នុងល្បឿនខ្យល់ ៥៥គីឡូម៉ែត្រក្នុងមួយម៉ោង ដោយបានវាយប្រហារលើកោះ និងតំបន់ឆ្នេរជាច្រើនដូចជា Tacloban ជាទីដែលព្យុះទីហ្វុង Haiyan បានផ្ដាច់ជីវិតមនុស្ស ៨,០០០នាក់ កាលពីឆ្នាំ២០១៣៕