(វ៉ាស៊ីនតោន)៖ យន្តហោះដឹកអ្នកដំណើរខ្នាតធំ Boeing 747 ដែលអាចនិយាយបានថា ជាយន្តហោះដឹកអ្នកដំណើរដ៏លេចធ្លោមួយ នៅលើពិភពលោកនោះ នឹងធ្វើការហោះហើរលើកចុងក្រោយរបស់ខ្លួន សម្រាប់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក នាពេលឆាប់ៗនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០១៧។
យន្តហោះ Boeing ខាងលើនេះ គឺជាប្រភេទយន្តហោះដឹកអ្នកដំណើរ មានទំហំខ្លួនធំទីមួយរបស់ពិភពលោក និងត្រូវបានបង្ហាញខ្លួនជាលើកដំបូងកាលពីឆ្នាំ១៩៦៨ ហើយចាប់តាំងពីពេលនោះមក យន្តហោះ Boeing 747 នេះ បានក្លាយជាយានជំនិះដ៏គួរឲ្យជឿជាក់មួយ នៅលើផ្ទៃអាកាស។
ទោះបីជាវាត្រូវបានកសាងឡើងដោយក្រុមហ៊ុន Boeing Aerospace យ៉ាងណាក្តី ជើងហោះហើរពាណិជ្ជកម្មរបស់អាមេរិកចុងក្រោយបំផុតរបស់វា នឹងត្រូវធ្វើឡើងនាថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០១៧ ជាមួយអាកាសចរណ៍ Delta Air Line ដែលមានគោលដៅធ្វើដំណើរត្រឡប់ពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង មកកាន់ទីក្រុង Detroit សហរដ្ឋអាមេរិកវិញ បន្ទាប់ពីបានទៅដល់ទីនោះ។
គួរជម្រាបថា នេះនឹងក្លាយជាលើកចុងក្រោយហើយ ដែល Boeing 747 នឹងត្រូវប្រើប្រាស់សម្រាប់ជើងហោះហើរពាណិជ្ជកម្ម ជាមួយនិងក្រុមហ៊ុនអាកាសចរណ៍អាមេរិក។ ដោយឡែកយន្តហោះដឹកអ្នកដំណើរដ៏ធំសម្បើមនេះ នឹងបន្តបម្រើការ នៅតាមក្រុមហ៊ុនអាកាសចរណ៍បរទេសមួយចំនួនទៀត រួមមានដូចជា Lufthansa, Brtish Airways, និង Korean Air Lines ជាដើម៕