(វ៉ាស៊ីនតោន)៖ ក្រោយគំរោងភេរវកម្មធំមួយរបស់បណ្តាញ ISIS ត្រូវបានបំបែកក្រោយពីមានការជួយពីអាមេរិកនោះ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំសហរដ្ឋអាមេរិក លោក អាណតូលី អាន់តូណូវ (Anatoly Antonov) បាននិយាយថា ទំនាក់ទំនងរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញយ៉ាងច្បាស់ថា ប្រទេសទាំងពីរចាំបាច់ត្រូវតែប្ដេជ្ញាចិត្ត ចូលរួមក្នុងការពង្រឹងសន្តិសុខអន្តរជាតិ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០១៧។
លោក Anatoly Antonov ថ្លែងបែបនេះនៅឯពិធីប្រារព្ធខួបលើកទី ២១០ នៃទំនាក់ទំនងការទូតរុស្ស៊ី-អាមេរិក និងបន្ទាប់ពីសេតវិមានបានអះអាងថា លោក ពូទីន និងលោក ត្រាំ បាននិយាយគ្នាតាមទូរស័ព្ទ កាលពីថ្ងៃអាទិត្យម្សិលមិញ។ លោក ពូទីន បានទូរស័ព្ទទៅលោក ត្រាំ ដើម្បីអរគុណសមភាគីអាមេរិក សម្រាប់ការផ្ដល់ព័ត៌មាន ដោយទីភ្នាក់ងារស៊ើបការណ៍សំងាត់ CIA ដែលបានជួយអាជ្ញាធររុស្ស៊ី ទប់ស្កាត់ទាន់ពេលវេលាចំពោះគំរោងវាយប្រហារភេរវកម្ម ទៅលើព្រះវិហារកាតូលិកមួយកន្លែង ក្នុងទីក្រុង St. Petersburg ក៏ដូចជាចាប់ខ្លួនពួកភេរវករជាច្រើននាក់។
«ទំនាក់ទំនងរវាងមេដឹកនាទាំងពីរ បានបង្ហាញឲ្យឃើញថា ប្រទេសរបស់យើង ត្រូវតែប្ដេជាចិត្តចូលរួមពង្រឹងសន្តិសុខពិភពលោក ដែលកិច្ចសហប្រតិបត្តិកការរបៀបនេះ នឹងផ្ដល់ផលប្រយោជន៍ឱ្យប្រជាជនអាមេរិក និងរុស្ស៊ី»។ នេះបើជាការលើកឡើងរបស់ លោក Anatoly Antonov។
គួរជម្រាមថា ទំនាក់ទំនងអាមេរិក និងរុស្ស៊ី បានជួបភាពតានតឹងគ្នា បន្ទាប់ពីអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានបណ្ដេញមន្រ្តីទូតរុស្ស៊ីជាច្រើននាក់ពីប្រទេស ដោយចោទថាទីក្រុងម៉ូស្គូ បានលូកដៃចូលក្នុងកិច្ចការបោះឆ្នោតអាមេរិក កាលពីឆ្នាំ២០១៦ បើទោះជាវិមានក្រឹមឡាំងបដិសេធជាច្រើនដងក៏ដោយ។ មួយវិញទៀត មកដល់រដ្ឋបាលលោក ដូណាល់ ត្រាំ ការចោទប្រកាន់នេះ ក៏កំពុងធ្វើឱ្យទំនាក់ទំនងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក ល្អកកករខ្លាំងផងដែរ៕