(ម៉ាឌ្រីត)៖ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក ម៉ារីយ៉ាណូ រ៉ាហ្សយ (Mariano Rajoy) បានអំពាវនាវឱ្យប្រជាជនកាតាឡាន់ (Catalonia) ទាំងអស់ បោះឆ្នោតគាំទ្រដល់បេក្ខជន ដែលជាសម្ព័ន្ធមិត្ត នៃគណបក្សអំណាចរបស់លោក គឺគណបក្សប្រជាជនអេស្ប៉ាញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០១៧។
ការថ្លែងបែបនេះរបស់ លោក Mariano Rajoy ធ្វើឡើងនៅក្នុងពិធីជួបជុំមួយកាលពីថ្ងៃអាទិត្យ ដើម្បីស្វែងរកការគំាទ្រ ក្នុងការបោះឆ្នោតនៅឯតំបន់កាតាឡាន់ នាពេលឆាប់ៗនេះ។ លោក Rajoy បានលើកឡើងយ៉ាងដូច្នេះថា «នៅប៉ុន្មានថ្ងៃខាងមុខនេះ យើងនឹងមានឱកាសដ៏អស្ចារ្យមួយ ក្នុងការធ្វើឱ្យស្ថានភាពវិលទៅរកភាពប្រក្រតីឡើងវិញ ក៏ដូចជាស្ដារភាពស្ងប់ស្ងាត់ រួមទាំងការរស់នៅរួមរស់ជាមួយគ្នា ដែលប្រជាជនរបស់យើងចង់បាន... ដូច្នេះថានេះ គឺជាលើកដំបូងបំផុតនារយៈពេល ៤០ឆ្នាំមកនេះ ដើម្បីបិទ បញ្ចប់សម័យកាលអ្នកចង់បំបែករដ្ឋ តាមរយៈការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកាតាឡាន់»។
គួរបញ្ជាក់ថា ក្រុមអ្នកនយោបាយកាតាឡាន់ នឹងត្រូវចូលរួមធ្វើយុទ្ធនាការឃោសនាបោះឆ្នោត លើកចុងក្រោយនៅចុងសប្ដាហ៍នេះ សម្រាប់ការបោះឆ្នោតសភាកាតាឡាន់ ដែលនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ក្រោយនេះ ដើម្បីជ្រើសរើសមេដឹកនាំរដ្ឋបាលថ្មី ក្រោយពីមេដឹកនាំមុន ត្រូវបានបណ្តេញចេញពីអំណាច និងនិរទេសខ្លួនឯងទៅក្រៅប្រទេស៕