(ឈីលី)៖ គ្រោះរអិលបាក់ដីបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបានផ្ដាច់យកអាយុជីវិតមនុស្សយ៉ាងហោចណាស់០៥នាក់ នៅភាគខាងត្បូងប្រទេសឈីលី ព្រមទំាងបំផ្លាញ លំនៅដ្ឋានរាប់សិបខ្នង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ឆ្នាំ២០១៧។
យោងតាមអាជ្ញាធរនៅក្នុងតំបន់ គ្រោះរអិលបាក់ដីនេះ បានកើតឡើងកាលពីថ្ងៃសៅរ៍ (ម៉ោងនៅក្នុងតំបន់) នៅក្នុងភូមិ Villa Santa Lucía ស្ថិតនៅក្បែរទីក្រុង Chaiten នៃតំបន់ឆ្នេរ Patagonia ហើយភ្លាមៗនោះ ប្រធានាធិបតីឈីលី លោកស្រី Michelle Bachelet ក៏បានប្រកាសភាពអាសន្ននៅក្នុងតំបន់ផងដែរ។ «ខ្ញុំបានបង្គាប់ឱ្យ ក្រុមអ្នកជួយសង្រ្គោះផ្ដល់រាល់ជំនួយចំាបាច់ទាំងអស់ដើម្បីការពារប្រជាជននៅក្នុងភូមិ Villa Santa Lucía»។ នេះការលើកឡើងរបស់លោកស្រី Michelle Bachelet។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរឈីលី មនុស្ស១៥នាក់នៅបន្តបាត់ខ្លួននៅឡើយ រីឯប្រជាជនរាប់ពាន់នាក់ផ្សេងទៀតកំពុងគ្មានអគ្គិសនីប្រើប្រាស់៕