(ស៊ីដនី)៖ ប៉ូលិសសហព័ន្ធអូស្ត្រាលី (AFP) នៅថ្ងៃអាទិត្យនេះ បានឱ្យដឹងថាពួកគេបានចាប់ខ្លួនបុរសម្នាក់ មានអាយុ៥៩ឆ្នាំ ក្នុងទីក្រុងស៊ីដនី ក្រោមបទចោទប្រកាន់ថា បានដើរតួជាទីភ្នាក់ងារកូរ៉េខាងជើង ក្នុងគោលបំណងស្វែងរកប្រាក់ចំណូលឱ្យរបបដឹកនាំទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Guardian ​នៅថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ឆ្នាំ២០១៧។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងទីក្រុងស៊ីដនី មន្ត្រីប៉ូលិសអូស្ត្រាលី លោក Neil Gaughan បានបញ្ជាក់យ៉ាងខ្លីថា បុរសខាងលើមានឈ្មោះ Chan Han Choi ត្រូវបាន ចោទប្រកាន់ពីបទរំលោភបំពានលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ និងអូស្ត្រាលី ប្រឆាំងនឹងកម្មវិធីអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង តាមរយៈការធ្វើសកម្មភាពជាភ្នាក់ ងារកូរ៉េខាងជើងក្នុងការលក់បរិក្ខាមីស៊ីលក៏ដូចជាការពិភាក្សាលើការផ្គត់ផ្គង់អាវុធបំផ្លាញទ្រង់ទ្រាយ។

គួរបញ្ជាក់ថា រដ្ឋាភិបាលអូស្រ្ដាលី បានបង្ហាញពីជំហរគាំទ្ររបស់ខ្លួនជាច្រើនដងដល់សហរដ្ឋអាមេរិក សម្រាប់ការដាក់ទណ្ឌកម្មប្រឆាំងនឹងរបបដឹកនាំលោក គីម ជុងអ៊ុន ដែលបានព្រមានជារឿយៗឱ្យអូស្ត្រាលីបញ្ឈប់សកម្មភាពប្រឆាំងនឹងទីក្រុងព្យុងយ៉ាង បើមិនចង់ទទួលរងការវាយប្រហារដោយមីស៊ីលកូរ៉េខាងជើង៕