(រីយ៉ាដ)៖ អគ្គនាយកដ្ឋានចរាចរណ៍អារ៉ាប៊ីសាអូឌីត បានឱ្យដឹងថាស្ត្រីអារ៉ាប៊ីសាអូឌីត នឹងអាចបើកបររថយន្ដ ព្រមទាំងម៉ូតូ បន្ទាប់ពីព្រះមហាក្សត្របានប្រកាសសម្រេច លុបចោលជាប្រវត្តិសាស្ត្រនូវបំរាមមិនឱ្យស្ត្រីបើកបរដោយខ្លួនឯង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ឆ្នាំ២០១៧។
កាលពីខែកញ្ញាកន្លងទៅ ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត Salman បានចេញព្រះរាជក្រឹត្យមួយ ដោយអនុញ្ញាតឱ្យស្ត្រីអាចបើកបររថយន្ដ ចាប់ខែមិថុនា ឆ្នាំ២០១៨ តទៅ ហើយដែលនេះគឺជាការធ្វើកំណែទម្រង់មួយប្រកបដោយមហិច្ឆតា នៅប្រទេសអារ៉ាប់អភិរក្សនិយមមួយនេះ។ ដោយឡែក នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន អគ្គនាយកដ្ឋានចរាចរណ៍អារ៉ាប៊ីសាអូឌីត បានគូសបញ្ជាក់ដូច្នេះថា៖«ពិតណាស់! ស្ត្រីអារ៉ាប៊ីសាអូឌីតនឹងត្រូវបានអនុញ្ញាតឱ្យបើកបរម៉ូតូ រួមទាំងទាំងរថយន្ដ ជាផ្នែកមួយ នៃការអនុវត្តន៍តាមព្រះរាជក្រឹត្យដែលចែងថាស្រ្តីនិងបុរសមានភាពស្មើគ្នាក្នុងការបើកបរ»។ ក៏ប៉ុន្តែទន្ទឹមគ្នា អគ្គនាយកដ្ឋាននេះក៏បានឱ្យដឹងដែរថាស្ត្រីមានពាក់ព័ន្ធ ឬជាអ្នក បង្កគ្រោះថ្នាក់ចរាចរណ៍នឹងត្រូវបានដោះសា្រយនៅឯមជ្ឈមណ្ឌពិសេសមួយ ដែលនឹងត្រូវបង្កើតឡើងក្រោមការគ្រប់គ្រងដោយស្ត្រី។
គួរបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត គឺជាប្រទេសតែមួយគត់នៅលើពិភពលោក ដែលមិនអនុញ្ញាតឱ្យស្ត្រីបើកបររថយន្ដដោយខ្លួនឯង ហើយការសម្រេចចិត្តលុបចោលបំរាមនេះ កំពុងទទួលបានការសាទរយ៉ាងខ្លាំងពីអន្តរជាតិ និងនៅក្នុងប្រទេស៕