រឿងអាស្រូវលោកត្រាំ និងរុស្ស៊ី៖ រដ្ឋអាជ្ញាពិសេសអាមេរិក ទទួលបានសាររាប់ម៉ឺនពីក្រុមផ្ទេរអំណាចរបស់លោកត្រាំ
17-12-2017 16:33
(វ៉ាស៊ីនតោន)៖ រដ្ឋអាជ្ញាពិសេសអាមេរិក លោក Robert Mueller ត្រូវបានគេរាយការណ៍ថា ទទួលបានសារអេឡិចត្រូនិច ឬអ៊ីមែល រាប់ម៉ឺនសារពីក្រុមរៀបចំការផ្ទេរ អំណាចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្រោមក្របខណ្ឌនៃការស៊ើបអង្កេតជុំវិញរឿងអាស្រូវចោទថារុស្ស៊ីបានលូកដៃចូលក្នុងការកិច្ចការបោះឆ្នោតអាមេរិក កាលពីឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ក្រុមរៀបចំការផ្ទេរអំណាចរបស់ លោក ដូណាល់ ត្រាំ ឬគេស្គាល់ថា GSA បានផ្ដល់សារអ៊ីមែលទាំងនេះទៅឱ្យក្រុម ស៊ើបអង្កេតរបស់លោក Mueller កាលពីរដូវក្ដៅកន្លងទៅ។ ប៉ុន្តែទន្ទឹមគ្នា នៅក្នុងលិខិតមួយផ្ញើជូនសភាអាមេរិក មេធាវីលោក ត្រាំ គឺលោក Kory Langhofer បានចោទ ប្រកាន់ថារដ្ឋអាជ្ញាពិសេសអាមេរិក ទទួលបានសារអ៊ីមែលទាំងនេះដោយខុសច្បាប់ពីភាគីទីបី ហើយមិនតែប៉ុណ្ណោះលោកក៏បានអះអាងដែរថាសិទ្ធិរដ្ឋធម្មនុញ្ញត្រូវបាន រំលោភបំពានដោយសារការទម្លាយពីរឿងអ៊ីមែល។
គួរបញ្ជាក់ថា បើតាមលោក Kory Langhofer GSA មិនមាន និងមិនបានគ្រប់គ្រងសារអ៊ីមែលឡើយ ខណៈមកទល់ពេលនេះ GSA ខ្លួនឯងមិនទាន់ធ្វើការអត្ថាធិប្បាយ ណាមួយឡើយនោះទេ៕