(អ៊ីស្លាម៉ាបាត)៖ អាជ្ញាធរប៉ាគីស្ថាន នៅថ្ងៃអាទិត្យនេះ បានឱ្យដឹងថា ជនប្រដាប់អាវុធមួយក្រុម បានដឹកនាំការវាយប្រហារបំផ្ទុះគ្រាប់បែកមួយគ្រាប់ ដោយផ្ដាច់យកអាយុ ជីវិតមនុស្ស០៧នាក់ និង២៥នាក់ទៀតរងរបួស នៅឯវិហារគ្រឹស្ដសាសនាមួយកន្លែងក្នុងទីក្រុង Quetta ស្ថិតនៅភាគនិរតីនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Hindustan Times នៅថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ឆ្នាំ២០១៧។
យោងតាមរដ្ឋមន្ត្រីមហាផ្ទៃប៉ាគីស្ថាន លោក Sarfraz Bugti ខ្មាន់កាំងភ្លើងមានគ្នាពីរនាក់បានសម្រុកចូលក្នុងវិហារគ្រឹស្ដ នៅទីក្រុង Quetta នៅចំពេលមនុស្សម្នាជាច្រើន នាក់ កំពុងធ្វើការអធិដ្ឋាន ព្រមទាំងបានបំផ្ទុះគ្រាប់បែកអត្តឃាត និងបើកការបាញ់រះលើក្រុមគ្រឹស្ដសាសនិក។ លោក Bugti បានបន្ថែមទៀតថា ប៉ូលិសប៉ាគីស្ថាន បានឡោមព័ទ្ធវិហារគ្រឹស្ដខាងលើ និងបាញ់តបតគ្នាទៅវិញទៅមកជាមួយពួកខ្មាន់កាំភ្លើងផងដែរ។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរប៉ាគីស្ថាន មនុស្សច្រើនជាង២០០នាក់ បានស្ថិតនៅក្នុងវិហារ នៅពេលមានការវាយប្រហារ ហើយភ្លាមពុំទាន់មានក្រុមណាមួយចេញមុខ ទទួលខុសត្រូវលើការវាយប្រហារនេះនៅឡើយទេ៕