(ហ្សាកាតា)៖ ប្រជាជនឥណ្ឌូនេស៊ីរាប់ម៉ឺននាក់ បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ា នៅខាងក្រៅស្ថានទូតអាមេរិក ប្រចាំទីក្រុងហ្សាកាតា ដើម្បីសម្ដែងការប្រឆាំងរបស់ពួកគេ ទៅនឹងការសម្រេចចិត្តទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹមជារដ្ឋធានីអ៊ីស្រាអែល នៅក្នុងបរិបទដែលការអំពាវនាវឱ្យឈប់ប្រើប្រាស់ផលិតផលអាមេរិកកាន់តែកើនឡើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera ​នៅថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ឆ្នាំ២០១៧។

ការធ្វើបាតុកកម្មតវ៉ា នៅថ្ងៃអាទិត្យនេះ គឺជាបាតុកម្មតវ៉ាលើកទី០៤ និងធំបំផុតនៅឥណ្ឌូនេស៊ី ដែលជាប្រទេសមានអ្នកកាន់សាសនាអ៊ីស្លាមធំជាងគេនៅលើពិភពលោក គិតចាប់តាំងពីលោកត្រាំ ប្រកាសទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីផ្ដាច់មុខរបស់អ៊ីស្រាអែលកាលពីថ្ងៃទី០៦ ខែធ្នូ។ បើតាមប៉ូលិសឥណ្ឌូនេស៊ី ក្រុមបាតុករ ប្រមាណជា ៨០,០០០នាក់ បានចូលរួមតវ៉ា និងអំពាវនាវឱ្យលោកត្រំា លុបចោលជាបន្ទាន់នូវគំរោងផ្លាស់ប្ដូរស្ថានទូតអាមេរិកពីទីក្រុងតែអាវីល ទៅកាន់ទីក្រុងហ្សេរុយ សាឡឹម។ រីឯប៉ូលិសជាង២០,០០០នាក់ ក៏ត្រូវបានដាក់ពង្រាយផងដែរដើម្បីការពារសុវត្ថិភាព ខណៈក្រុមមន្ត្រីសាសនាអ៊ីស្លាមជាន់ខ្ពស់ឥណ្ឌូនេស៊ីបានអំពាវនាវឱ្យ ប្រជាជនឥណ្ឌូនេស៊ីឈប់ប្រើប្រាស់ផលិតផលអាមេរិក រហូតដល់លោកត្រាំលុបចោលការសម្រេចចិត្តរបស់ខ្លួន។ «កុំប្រើប្រាស់ ឬពឹងផ្អែកលើផលិតផលរបស់ពួកគេ»។ នេះគឺជាការលើកឡើងរបស់លោក Anwar Abbas ជាមន្ត្រីសាសនាអ៊ីស្លាមជាន់ពួកមកពីក្រុមប្រឹក្សាអ៊ូលឡាម៉ាឥណ្ឌូនេស៊ី ទៅកាន់ហ្វូងបាតុករដែលគ្រវីទង់ជាតិ ប៉ាឡេស្ទីន និងស្រែកគាំទ្រដល់ការឈប់ប្រើប្រាស់ផលិតផលអាមេរិក។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) កំពុងពិចារណាលើដំណាយស្រាយ ដែលអំពាវនាវឱ្យសហរដ្ឋអាមេរិកលុបចោលការសម្រេចរបស់ លោក ដូណាល់ ត្រាំ។ ប៉ុន្តែបើតាមប្រភពការទូតនានា សហរដ្ឋអាមេរិក អាចនឹងប្រើសិទ្ធិវេតូជំទាស់នឹងដំណោះស្រាយនេះ៕