(អាហ្វហ្គានីស្ថាន)៖ ក្រុមអ្នកតាមដានស្ថានការណ៍ នៅប្រទេសអាហ្វហ្គានីស្ថាន បានលើកឡើងថា ក្រុមសកម្មប្រយុទ្ធ ឬភេរវករ ISIS ដែលបានថមថយឥទ្ធិពលខ្លាំងនៅស៊ីរី និងរលំរលាយស្ទើរតែទាំងស្រុងនៅក្នុងប្រទេសអ៊ីរ៉ាក់ទៅហើយនោះ កំពុងតែព្យាយាមប្រមូលផ្តុំកម្លាំងឡើងវិញតាមរយៈការអំពាវនាវឲ្យយុវជនបន្ថែមទៀត ចូលរួមកម្លាំងក្នុងក្រុម ព្រមទាំងការសិក្សារកវិធីបង្កើតមូលដ្ឋានស្នូលរបស់ខ្លួន នៅក្នុងប្រទេសអាហ្វហ្គានីស្ថានវិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០១៧។
មន្ត្រីសន្តិសុខអាហ្វហ្គានីស្ថាន បានប្រាប់ស៊ីនហួរដោយសុំមិនបញ្ចេញឈ្មោះថា «អំឡុងពេលនៃរដូវរងារ វាពិតជាពិបាកណាស់ នៅក្នុងការប្រយុទ្ធគ្នាលើទឹកដីអាហ្វហ្គានីស្ថាន ជាពិសេសគឺនៅតំបន់ប្រជុំភ្នំ ប៉ុន្តែនារដូវត្រជាក់ខ្លាំងបែបនេះវិញ ពួកសកម្មប្រយុទ្ធតែងតែឆក់យកឱកាសដើម្បីអូសទាញយុវជនក្នុងតំបន់ ឲ្យចូលរួមក្រុមពួកគេ។ ពួក ISIS នៅតំបន់ Darazab និង Qush Tepa ក៏ដូច្នោះដែរ ដោយពួកគេកំពុងតែពង្វក់មនុស្សបន្ថែមទៀត មុននឹងរដូវស្លឹកឈើលាស់ និងក្តៅចូលមកដល់ ដែលគេស្គាល់ថា ជារដូវប្រយុទ្ធគ្នានោះ»។
គួរបញ្ជាក់ថា ក្រៅពីការអះអាងខាងលើនេះ មន្ត្រីសន្តិសុខអាហ្វហ្គានីស្ថាន ក៏បានសង្កត់ធ្ងន់ទៀតថា ប្រទេសអាហ្វហ្គានីស្ថាន កំពុងក្លាយជាគោលដៅរឹងមាំនៅថ្ងៃអនាគត សម្រាប់ក្រុម ISIS ឬក៏ IS តាមរយៈការសម្លឹងមើលទីតាំងយុទ្ធសាស្ត្រ ដែលអាចឲ្យពួកគេពង្រឹងកម្លាំង និងប្រមូលផ្តុំធនធានដ៏មានសុវត្ថិភាព ដើម្បីបន្តការវាយប្រហារ និងអុកឡុកតំបន់អាស៊ីខាងត្បូង និងកន្លែងផ្សេងៗទៀតនៅទូទាំងពិភពលោក៕