(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនអវកាសឯកជនរបស់អាមេរិក SpaceX ទើបតែសម្រេចបានជោគជ័យដ៏ធំមួយផ្សេងទៀត នៅក្នុងការប្រើប្រាស់សម្ភារៈឡើងវិញរបស់ខ្លួន តាមរយៈការប្រើប្រាស់រ៉ុក្កែតព្រមទាំងយានអវកាស ដែលធ្លាប់បានហោះហើរ ប៉ុន្មានលើករួចមកហើយ ដើម្បីដឹកជញ្ជូនបរិក្ខាផ្គត់ផ្គង់ទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០១៧។
ការបាញ់បង្ហោះខាងលើ ត្រូវបានធ្វើឡើងកាលពីវេលាម៉ោង ១០៖៣៦នាទីព្រឹក ថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅភាគអាគ្នេយ៍អាមេរិក) នៅឯមូលដ្ឋាន Cape Canaveral ស្ថិតក្នុងរដ្ឋផ្លូរីដា ដោយវាគឺជាលើកដំបូងបំផុត ដែលក្រុមហ៊ុន SpaceX បានធ្វើបាញ់បង្ហោះជាថ្មីម្តងទៀតនូវ យានអវកាស Dragon និងគ្រាប់រ៉ុក្កែត Falcon 9 ក្នុងបេសកកម្មព្រមគ្នាតែម្តង ដែលយាន និងរ៉ុក្កែតទាំងពីរនេះ ធ្លាប់ត្រូវបានប្រើប្រាស់ចុងក្រោយបំផុត កាលពីខែមេសា ឆ្នាំ២០១៥ (សម្រាប់យាន Dragon) និងកាលពីខែមិថុនា ឆ្នាំ២០១៧ (សម្រាប់រ៉ុក្កែត Falcon 9)។
គួរជម្រាបថា កន្លងមកនេះ SpaceX ធ្លាប់បានសាកល្បងបាញ់បង្ហោះគ្រាប់រ៉ុក្កែត Falcon 9 ដោយជោគជ័យចំនួន ០៣លើក រួចមកហើយ ដោយការធ្វើតេស្តទាំងអស់នោះ បានកើតឡើងក្នុងឆ្នាំ២០១៧នេះ ដើម្បីបំពេញបេសកកម្មដឹកជញ្ជូនផ្កាយរណប ខណៈយាន Dragon ដែលនៅពីលើវានេះ ធ្លាប់បានទស្សនកិច្ចទៅកាន់ ISS តាំងតែពីជាង ០៣ឆ្នាំមុនម្ល៉េះ។
ក្រុមហ៊ុន SpaceX មិនធ្លាប់បាញ់បង្ហោះយានអវកាស ដែលធ្លាប់ប្រើប្រាស់រួច នៅពីលើគ្រាប់រ៉ុក្កែត ដែលប្រើប្រាស់រួចព្រមគ្នាដូច្នេះឡើយ ហើយក្រុមហ៊ុនអវកាស ដែលមានមូលដ្ឋាននៅក្នុង រដ្ឋកាលីហ្វរញ៉ាមួយនេះ ក៏ពុំធ្លាប់ប្រើប្រាស់រ៉ុក្កែតដែលធ្លាប់ហោះហើរម្តងរួចទៅហើយ នៅក្នុងបេសកកម្មដឹកជញ្ជូនឲ្យអង្គការ NASA ដែរ៕