(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) បាននិយាយថា លោកគ្មានថ្ងៃជឿជាក់ឡើយថា គ្រាប់មីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដែលទើបត្រូវបានអភិវឌ្ឍន៍ថ្មីដោយប្រទេសកូរ៉េខាងជើងនោះ អាចមានលទ្ធភាពបាញ់មកដល់ ទឹកដីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០១៧។
លោក ម៉ាត់ទីស បានថ្លែងនៅក្នុងបទសង្ខេបព័ត៌មានមួយ នៅឯមន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន យ៉ាងដូច្នេះថា «វាគ្មានការបង្ហាញណាមួយនៅឡើយទេថា គ្រាប់មីស៊ីលនោះមានលទ្ធភាពអាចគម្រាមកំហែងដល់យើងនាពេលឥឡូវនេះ។ សហរដ្ឋអាមេរិក នៅត្រូវការពេលវេលាបន្ថែមទៀត ដើម្បីតាមដានលើរឿងនេះ»។
ការថ្លែងដូចខាងលើនេះ បានកើតមានឡើង ស្របពេលដែលរដ្ឋមន្ត្រីការបរទេស លោក រ៉ិច ធីល្លឺសុន នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC) ស្តីពីការវិវឌ្ឍស្ថានការណ៍ នៅឧបទ្វីបកូរ៉េបានលើកឡើងថា «សហរដ្ឋអាមេរិក នឹងបន្តយុទ្ធនាការដាក់សម្ពាធរបស់ខ្លួន ដែលផ្តោតសំខាន់ទៅលើទណ្ឌកម្មសេដ្ឋកិច្ច ដើម្បីជម្រុញឲ្យអាវុធនុយក្លេអ៊ែរ ត្រូវបានលុបបំបាត់ទាំងស្រុងពីឧបទ្វីបកូរ៉េ»៕