(សេអ៊ូល)៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូង បានធ្វើការបង្ហើបព័ត៌មានដ៏គួរឲ្យតក់ស្លុតថ្មីមួយនាសប្តាហ៍នេះ ដោយបានអះអាងថា អគ្គមេបញ្ជាការយោធាជាន់ខ្ពស់លំដាប់ទី ២ នៅកូរ៉េខាងជើងវ័យ ៧២ឆ្នាំ ដែលតែងតែអមដំណើរ លោក គីម ជុងអ៊ុន រហូតមកនោះ អាចត្រូវបានប្រហារជីវិតបាត់ទៅហើយ ជាមួយនឹងមន្ត្រីជំនិតរបស់ខ្លួនម្នាក់ទៀត។ នេះបើតាមការដកស្រង់ព័ត៌មានពី Sputnik នារសៀលថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០១៧។
អគ្គមេបញ្ជាការជាន់ខ្ពស់ខាងលើនេះ គឺលោក Hwang Pyong-so ត្រូវបានសារព័ត៌មានកូរ៉េខាងត្បូង Joongang Ilbo ចេញផ្សាយម្តងរួចទៅហើយថា បានបាត់ដំណឹងកាលពីខែតុលា ឆ្នាំ២០១៧ កន្លងទៅនេះ ហើយក្រោយមកក៏បានលេចលឺព័ត៌មានថា លោកត្រូវបានមេដឹកនាំជាន់ខ្ពស់ផុតលេខ បណ្តេញចេញពីបក្សជាមួយនឹងមន្ត្រីជំនិត របស់លោកម្នាក់ទៀត ដោយចោទថា «លោកមានចរិតមិនស្មោះត្រង់»។
គួរបញ្ជាក់តាមសេចក្តីរាយការណ៍ព័ត៌មានខាងលើនេះថា ប្រសិនបើ លោក Hwang ពិតជាត្រូវបានបណ្តេញចេញពីបក្សពលករមែននោះ វាក៏មានន័យថា លោកត្រូវបញ្ចប់តួនាទីទាំងអស់របស់លោកផងដែរ ហើយការសន្និដ្ឋានដោយផ្អែកលើបណ្តាព័ត៌មាន ដែលត្រូវបានស៊ើបជាច្រើនកន្លងមកឲ្យដឹងទៀតថា លោកអាចនឹងត្រូវបាត់បង់ជីវិត ដូចមន្ត្រីជាន់ខ្ពស់មួយចំនួនកន្លងមក ក្រោមបញ្ជាផ្ទាល់ពី លោក គីម ជុងអ៊ុន ដូចជាពូបង្កើត និងក្រុមគ្រួសារ ដែលសុទ្ធសឹងតែជាប់ទោស «មិនស្មោះត្រង់នឹងបក្ស ឬក៏របបដឹកនាំរបស់មេដឹកនាំវ័យក្មេងរូបនេះ» ហើយត្រូវបានយកទៅប្រហារជីវិតយ៉ាងព្រៃផ្សៃ។
គួររំលឹកបន្ថែមទៀត ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៤ លោក Hwang ត្រូវបានតែងតែជាអនុប្រធាន នៃគណកម្មការការពារជាតិ NDC ដែលជាដៃជើងរបស់រដ្ឋាភិបាលកូរ៉េខាងជើង ដើម្បីគ្រប់គ្រងលើយោធា។ សម្រាប់ប្រធាន NDC ដែលជាមនុស្សមានអំណាចលេខ ១ ក្នុងប្រទេសនោះ គឺគ្មាននរណាក្រៅពីលោក គីម ជុងអ៊ុន នោះឡើយ៕