អគ្គរដ្ឋអាជ្ញាអាមេរិក «ត្រៀមតែងតាំងមន្ត្រីបន្ថែម ដើម្បីដោះស្រាយអំពើ ឧក្រិដ្ឋកម្ម ហិង្សា និងបញ្ហាជនអន្តោប្រវេសន៍ ដែលកំពុងកើនឡើងខ្លាំង...
16-12-2017 11:40
(វ៉ាស៊ីនតោន)៖ អគ្គរដ្ឋអាជ្ញាអាមេរិក លោក Jeff Sessions កំពុងរៀបចំតែងតាំងរដ្ឋអាជ្ញាបន្ថែម ទៅកាន់ការិយាល័យមេធាវីក្នុងរដ្ឋ Maryland ក្រោមក្របខណ្ឌនៃកិច្ចប្រឹងប្រែង របស់ក្រសួងយុត្តិធម៌អាមេរិក ក្នុងការកាត់បន្ថយអំពើឧក្រិដ្ឋកម្ម និងហិង្សា។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន The Baltimore Sun នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០១៧។
សេចក្តីប្រកាសខាងលើនេះ ត្រូវបានធ្វើឡើងនៅប៉ុន្មានថ្ងៃ ក្រោយពីលោក Sessions បានធ្វើសន្និសីទសារព័ត៌មាននៅក្នុងទីក្រុង Baltimore នៃរដ្ឋខាងលើ ដើម្បីពិភាក្សាអំពីការខិតខំរបស់ រដ្ឋាភិបាលប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ និងក្រុមជនអន្ធពាលអន្តរជាតិ។ ក្នុងអំឡុងដំណើរទស្សនកិច្ចនោះ លោក Sessions ក៏បានលើកឡើងពីអំពើឃាតកម្ម នៅក្នុងក្រុង Baltimore ផងដែរ ដែលបានកើនឡើងលើសពី ៣០០ករណី ក្នុងរយៈពេល ០៣ឆ្នាំ ជាប់គ្នានេះ។
លោក Jeff Sessions បានបញ្ជាក់ថា «ការតែងតាំងរដ្ឋអាជ្ញាបន្ថែមនេះ នឹងអាចជួយឈានទៅដល់ការលុបបំបាត់ក្រុមឧក្រិដ្ឋជនបានឆាប់រហ័ស ដែលជាលទ្ធផលនឹងធ្វើឲ្យបទល្មើសហិង្សា ត្រូវបានកាត់បន្ថយ»៕