(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ មិនបានច្រាន​ចោល​ ចំពោះការលើកលែងទោស​​ឲ្យ ​លោក Michael Flynn ដែលជាអតីត​ទីប្រឹក្សាសន្តិសុខជាតិ​​របស់លោក ដែលបានទទួល​សារភាព​កំហុស​ ក្នុងការផ្តល់​សេចក្តីថ្លែងការណ៍​​ភូតកុហក​ ដល់​​​​ទីភ្នាក់ងារ FBI ក្រោមក្របខណ្ឌ​នៃការស៊ើបអង្កេត​ ទៅលើ​រឿងអាស្រូវពាក់ព័ន្ធរុស្ស៊ី របស់រដ្ឋអាជ្ញាពិសេស លោក Robert Mueller​ ឡើយ។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០១៧។​

ថ្លែងប្រាប់ក្រុម​អ្នក​សារព័ត៌មាន លោក ដូណាល់ ត្រាំ បានលើក​ឡើងថា «ខ្ញុំមិនទាន់ចង់​និយាយ អំពីការលើកលែងទោសឲ្យ​ លោក​ Michael Flynn នៅឡើយទេ។ យើង​នឹងឃើញថា តើនឹងមានរឿងអ្វី​កើតឡើង។ ចាំមើលសិន... ខ្ញុំអាចត្រឹម​និយាយដូច្នេះថា «នៅ​ពេលដែល​អ្នកក្រឡេកមើល ទៅលើអ្វីដែល​កំពុងកើតឡើង ជាមួយ​ទីភ្នាក់ងារ​ស៊ើបអង្កេត FBI ព្រមទាំង​ក្រសួង​យុត្តិធម៌ មនុស្ស​រាល់​គ្នា​​មាន​ការ​ខឹងសម្បារ​ជាខ្លាំង»។

គួររំលឹកថា កាលពី​ថ្ងៃទី០១ ខែធ្នូ លោក Flynn បានឆ្លើយ​សារភាពកំហុស​ ចំពោះការ​ចោទប្រកាន់ អំពីការធ្វើសេចក្តីថ្លែងការណ៍​​កុហកចំនួនពីរ ដល់ការិយាល័យ​ស៊ើបអង្កេត​សហប្រព័ន្ធ ហៅកាត់ថា FBI ពាក់ព័ន្ធនឹង​ការធ្វើទំនាក់ទំនង​របស់លោក ជាមួយ​នឹង​​អតីត​ឯក​អគ្គរដ្ឋទូត​រុស្ស៊ី លោក Sergey Kislyak ក្រោយការ​បោះឆ្នោត​អាមេរិក ឆ្នាំ២០១៦ និងនៅមុន​ពេលពិធីស្បថ​ឡើងកាន់​មុខ​តំណែង​របស់ លោក ដូណាល់ ត្រាំ។

នាពេលកន្លងមកវិញ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានប្រើសិទ្ធិលើកលែងទោសរបស់លោក ចំពោះ​អតីតមេ​តម្រួត​​ម្នាក់នៅរដ្ឋ Arizona ឈ្មោះ Joe Arpaio ដែលមានទោសពីបទប្រឆាំងនឹងដីកាតុលាការ ដែលបង្គាប់មិនឲ្យធ្វើការចាប់ខ្លួន​ជនអន្តោប្រវេសន៍ដែលពុំមានឯកសារត្រឹមត្រូវផងដែរ៕