(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៊ី បានចេញសារព្រមានឲ្យប្រុងប្រយ័ត្ន ចំពោះរលកយក្សស៊ូណាមិសម្រាប់មួយរយៈពេលខ្លី បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតបង្គួរ និងធ្ងន់ជាបន្តបន្ទាប់ បានវាយប្រហារទៅលើបណ្តាក្រុងជាប់ឆ្នេរសមុទ្រ ស្ថិតនៅលើខេត្ត Java ខាងលិច ដែលបានផ្តាច់ជីវិតមនុស្សយ៉ាងតិច ០២នាក់ និងបង្កការបំផ្លិចបំផ្លាញលំនៅឋានជាច្រើនខ្នង។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០១៧។
បើតាមទីភ្នាក់ងារ BMKG របស់ឥណ្ឌូណេស៊ី គ្រោះរញ្ជួយដីដំបូងមានកម្រិត ៤.៥រ៉ិចទ័រ បានកើតឡើងនៅចម្ងាយ ៤៨គីឡូម៉ែត្រ ភាគនិរតីក្រុង Sukabumi នៃខេត្ត Java ខាងលិច កាលពីវេលាម៉ោង ១១៖០៤នាទីយប់ថ្ងៃសុក្រ នៅជម្រៅ ៥០គីឡូម៉ែត្រ។ រីឯគ្រោះរញ្ជួយដីទីពីរ ដែលមានកម្រិតដល់ទៅ ៧.៣រ៉ិចទ័រ បានកើតមានឡើងប្រមាណជា ៤២នាទីបន្ទាប់ ដោយចំណុចរំញ័រស្ថិតនៅ ចម្ងាយ ៧៤គីឡូម៉ែត្រ ភាគនិរតីនៃក្រុង Kawalu ជាមួយជម្រៅ ១០៥គីឡូម៉ែត្រ ក្នុងតំបន់ Tasikmalaya នៃខេត្ត Java ខាងលិច។
ចំណែកហេតុការណ៍រញ្ជួយដីទីបីវិញ ដែលមានកម្រិត ៦.៩រ៉ិចទ័រ បានវាយប្រហារស្ទើរតែផ្ទួនៗគ្នាតែម្តង ហើយនៅតំបន់ Tasikma laya ដូចគ្នា ដោយចំណុចរំញ័ររបស់វា ស្ថិតនៅចម្ងាយ ១១គីឡូម៉ែត្រ ភាគនិរតីនៃតំបន់នេះ ជាមួយជម្រៅ ១០៧គីឡូម៉ែត្រ។ ទីភ្នាក់ងារខាងលើ ក៏បានចេញសេចក្តីព្រមាន អំពីរលកយក្សស៊ូណាមិ សម្រាប់ខេត្ត Java ខាងលិច, Java កណ្តាល, និង Yogyakarta បន្ទាប់ពីគ្រោះរញ្ជួយដីទី ២ បានកើតឡើង ហើយបានដកសារនេះចេញវិញនៅ ០២ម៉ោងក្រោយ។
គួរជម្រាបថា បើតាមអ្នកនាំពាក្យបង្ការគញគ្រោះមហន្តរាយឥណ្ឌូណេស៊ី BNPB មនុស្ស ០២នាក់ នៅខេត្ត Java កណ្តាល និងខាងលិច បានបាត់បង់ជីវិតដោយសារគ្រោះរញ្ជួយដីទាំងនេះ ហើយ ០៧នាក់បានរងរបួស ខណៈផ្ទះសម្បែងច្រើនជាង ១០០ខ្នង បានដួលរលំ និងរងការខូចខាត នៅក្នុងខេត្តទាំងពីរនេះ៕