(ម៉ានីល)៖ មេបញ្ជាការយោធាជាន់ខ្ពស់ហ្វីលីពីន លោក Rey Leonardo Guerrero បានព្រមានថា រដ្ឋាភិបាលហ្វីលីពីនអាចនឹងពង្រីកវិសាលភាពច្បាប់អាជ្ញាសឹក នៅលើកោះមិនដាណាវ រហូតដល់ទូទាំងប្រទេស បើសិនជាពួកឧទ្ទាម នៅភាគខាងត្បូងនៃប្រទេស ហ៊ានបង្កជម្លោះ និងបន្តធ្វើសកម្មភាពវាយប្រហារណាមួយក្នុង ចេតនាផ្ដួលរំលំរដ្ឋាភិបាល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០១៧។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅឯទីស្នាក់ការកងកម្លាំងហ្វីលីពីន លោក Guerrero បាននិយាយថា ការសម្រេចចិត្តពង្រីកវិសាលភាពច្បាប់អាជ្ញាសឹកនៅទូទាំងប្រទេស គឺអាស្រ័យទៅលើស្ថានភាពនយោបាយ និងសកម្មភាពរបស់ពួកឧទ្ទាម។ «បើសិនជាពួកឧទ្ទាមហ៊ានប្រែក្លាយអំពើហិង្សា ទៅជាសកម្មភាពផ្ដួលរំលំរដ្ឋាភិបាល នោះយើងនឹងឆ្លើយតបយ៉ាងសម ទៅតាមស្ថានភាពជាក់ស្ដែង»។ នេះបើតាម លោក Leonardo Guerrero ដោយថែមទាំងបញ្ជាក់ទៀតថា លោកមិនចង់លម្អិតពីបញ្ហា
នេះឡើយ ព្រោះវាជារឿងប្រថុយប្រថាន។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធ សភាហ្វីលីពីន បានសម្រេចអនុញ្ញាតតាមសំណើរបស់ប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ក្នុងការពន្យាពេលច្បាប់អាជ្ញាសឹក នៅលើកោះមីនដាណាវ (Mindanao) ឲ្យមានសុពលភាព សម្រាប់រយៈពេល ០១ឆ្នាំទៀត ដើម្បីទុកឱកាសឲ្យកងទ័ពរដ្ឋាភិបាលកម្ទេចពួកភេរវករ ក៏ដូចជាក្រុមឧទ្ទាម នៅតំបន់ភាគខាងត្បូងប្រទេស ឲ្យអស់ទាំងស្រុង។ ប៉ុន្តែទន្ទឹមគ្នា លោក ឌូតឺតេ ក៏បានព្រមានដែរថា ការពង្រីកច្បាប់អាជ្ញាសឹកនៅទូទាំងប្រទេស គឺអាស្រ័យទៅនឹងសកម្មភាព របស់សត្រូវនៃប្រជាជាតិហ្វីលីពីន៕