(អង់ការរ៉ា)៖ ប្រទេសតួកគី និងកាតា គឺជាអ្នកឧបត្ថម្ភថ្មី នៃមនោគមវិជ្ជាអ៊ីស្លាមជ្រុលនិយម នៅមជ្ឈិមបូព៌ា។ នេះបើតាមការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់ ផ្នែកសន្តិសុខជាតិ អាមេរិក លោក McMaster ដកស្រង់ដោយសារព័ត៌មាន The National ដែលមានទីតាំងនៅសហព័ន្ធអារ៉ាប់រួម។
ការកត់សម្គាល់បែបនេះ របស់លោក McMaster ធ្វើឡើងបន្ទាប់ពីមានការកើនឡើង នៃការកាន់អំណាចរបស់គណៈបក្ស AKP ដែលធ្វើអោយមានបញ្ហារវាងប្រទេសតួកគី ជាមួយលោកខាងលិចកាន់តែកើនឡើង។ លោក McMaster បានបន្ថែមទៀតថា «មនោគមវិជ្ជាអ៊ីស្លាមជ្រុលនិយម គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់ប្រជាជនស៊ីវិល ទាំងអស់»។ វាកំពុងត្រូវបានរីកដុះដាល តាមរយៈអង្គការមនុស្សធម៌ Madrassas និងអង្គការសង្គមផ្សេងៗទៀត»។
គួរបញ្ជាក់ថា បច្ចុប្បន្នទំនាក់ទំនងរវាងប្រទេសតួកគី និងសហរដ្ឋអាមេរិក កំពុងមានភាពចម្រូងចម្រាសយ៉ាងខ្លាំង ដោយសារការទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីសា្រអែល។ ចំណែកឯមន្ដ្រីតួកគី និងអ្នកជំនាញគាំទ្រ លោក Erdogan ប្រធានាធិបតីតួកគី ក៏បានរិះគន់រដ្ឋាភិបាលអាមេរិក ចំពោះការគាំទ្រ និងបំពាក់អាវុធដល់ពួកឃើដ នៅក្នុងប្រទេសស៊ីរីផងដែរ៕