(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំង បានបង្ហើបពីគំរោងបាញ់បង្ហោះផ្កាយរណបជាច្រើន ដើម្បីជួយសម្រួលដល់ការគ្រប់គ្រង និងការត្រួតពិនិត្យពីចំងាយលើតំបន់ សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០១៧។
ជុំវិញគំរោងបាញ់បង្ហោះផ្កាយរណបនេះដែរ វិទ្យាស្ថាន Sanyan Institute of Remote Sensing បានឱ្យដឹងថា បេសកកម្មនេះនឹងចាប់ផ្ដើមនៅឆ្នាំ២០១៩ នៅពេលដែល ផ្កាយរណបអុបទិចចំនួន ០២ ត្រូវបានបាញ់បង្ហោះ ហើយបន្ទាប់មកទៀតផ្កាយរណបអុបទិចចំនួន០៣ និង ផ្កាយរណបប្រមូលទិន្នន័យចំនួន ០២ ព្រមទាំងផ្កាយរណប SAR ០២គ្រឿងទៀត ក៏នឹងត្រូវបានបាញ់បង្ហោះផងដែរ ដើម្បីបញ្ចប់ទាំងស្រុងនៅកម្មវិធី Satellite Constellation Program នៅឆ្នាំ២០២១ ដែលមានគោលដៅដឹកនាំការ ត្រួតពិនិត្យពីចំងាយ ២៤ម៉ោង លើ ២៤ម៉ោង លើតំបន់សមុទ្រត្រូពិច។
គួរបញ្ជាក់ថា បើតាមនាយកវិទ្យាស្ថាន Sanyan Institute of Remote Sensing លោក Yang Tianliang បណ្ដាញទំនាក់ទំនង និងគ្របដណ្ដប់លើតំបន់ចន្លោះពីខ្សែស្រប ៣០ដឺក្រេខាងជើង និងខាងត្បូងនៃតំបន់អេក្វាទ័រ។ បន្ថែមពីនេះ លោក Yang បានបញ្ជាក់ដែរថា កម្មវិធីនេះនឹងជួយដល់គំនិតផ្ដួចផ្ដើមវិថីសូត្រ និងការធ្វើសកម្មភាពជា បន្ទាន់នៅសមុទ្រ៕