(ប៉េកាំង)៖ កងនាវាចម្បាំងចិន បានចាប់ផ្ដើមធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិត នៅក្បែរឈូងសមុទ្ររបស់កូរ៉េខាងជើង ខណៈទីក្រុងព្យុងយ៉ាងក៏បានព្រមានថា សកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោន ដែលកំពុងធ្វើស្របគ្នាដែរនោះ កំពុងជំរុញឱ្យឧបទ្វីបកូរ៉េធ្លាក់ចូលក្នុងរណ្ដៅ នៃសង្រ្គាមនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅរសៀលថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០១៧។
សមយុទ្ធយោធានេះត្រូវបានធ្វើឡើង កាលពីថ្ងៃព្រហស្បតិ៍ នៅឯឈូងសមុទ្រ លូស៊ុន (Lushun) ស្ថិតនៅក្នុងខេត្ត ឡាវណីង (Liaoning) នៃភាគឦសានប្រទេសចិន ហើយនៅមុនសមយុទ្ធយោធានេះចាប់ផ្ដើម ប្រព័ន្ធផ្សព្វផ្សាយចិនក៏បានបញ្ជាក់ថា តំបន់មានផ្ទៃ ២៧៦គីឡូម៉ែត្រក្រឡា ត្រូវបានបិទ។ ឈូងសមុទ្រ Lushun គឺជាមូលដ្ឋានទ័ពជើងទឹកដ៏សំខាន់ នៃកងទ័ពរំដោះប្រជាជនចិន (PLA) ដែលទទួលខុសត្រូវលើការថែរក្សាសុវត្ថិភាពដែនទឹកចិន នៅតាមបណ្ដោយតំបន់ឧបទ្វីបកូរ៉េ។ ប៉ុន្តែទន្ទឹម ចំនួននាវាចម្បាំងពិតប្រាកដ មិនត្រូវបានគេបញ្ជាក់នៅឡើយទេ។
គួរបញ្ជាក់ថា សមយុទ្ធយោធាជើងទឹករយៈពេលបួនថ្ងៃនេះ ធ្វើឡើងនៅចំពេលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ធ្វើសកម្មភាពយោធាកាន់តែច្រើន ក្រោយកូរ៉េខាងជើងធ្វើតេស្ដមីស៊ីលឆ្លងទ្វីប កាលពីចុងខែវិច្ឆិកាកន្លងទៅ។ ជាក់ស្ដែង សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានដឹកនាំការធ្វើសមយុទ្ធយោធា នៅក្នុងសប្ដាហ៍នេះ ដើម្បីជាសារមួយផ្ញើជូនទីក្រុងព្យុងយ៉ាង កុំឱ្យធ្វើអ្វីតាមអំពើចិត្ត ក៏ដូចជាការដាក់សម្ពាធឱ្យរបបដឹកនាំ លោក គីម ជុងអ៊ុន បោះបង់ចោលការធ្វើតេស្ដ អាវុធនុយក្លេអ៊ែរ៕