(ហ្សឺណែវ)៖ បេសកជនពិសេសអង្គការសហប្រជាជាតិ (UN) សម្រាប់ប្រទេសស៊ីរី លោក ស្តាហ្វហ្វេន ដឺ មីស្តួរ៉ា (Staffan de Mistura) បានឱ្យដឹងថា កិច្ចពិភាក្សាសន្តិភាពជុំទី០៨ ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស បានបញ្ចប់ទៅដោយគ្មានកិច្ចការចរចា ជាក់លាក់ណាមួយឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅរសៀលថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០១៧។
យោងតាមលោក Staffan de Mistura កិច្ចពិភាក្សាសន្តិភាពអន្តរស៊ីរី នឹងត្រូវធ្វើឡើងជាថ្មីនៅពេលក្រោយ បន្ទាប់ពីលោកថ្លែងទៅកាន់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូយ៉ក។ បេកសជនពិសេសរូបនេះ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា «កិច្ចពិភាក្សារយៈពេលពីរសប្ដាហ៍បានបរាជ័យ ដោយមិនបានទទួល លទ្ធផលដូចការគ្រោងទុកនោះទេ បើទោះជាមានកិច្ចខិតខំប្រឹងប្រែង យ៉ាងខ្លាំងក៏ដោយ»។
ជាងនេះទៅទៀត លោក Mistura ក៏បានអះអាងដែរថា ប្រធានបទពាក់ព័ន្ធនឹងរដ្ឋធម្មនុញ្ញ និងការបោះឆ្នោតក្រោមដំណោះស្រាយលេខ ២២៥៤ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មិនត្រូវបានលើកយកមកពិភាក្សា ជាមួយប្រតិភូរដ្ឋាភិបាលស៊ីរីឡើយ ហើយដែលនេះគឺជាការខកខានឱកាសមាសឱកាសប្រាក់។
គួរបញ្ជាក់ថា បច្ចុប្បន្នរុស្ស៊ីក៏កំពុងដឹកនាំកិច្ចពិភាក្សាអន្តរជាតិ ស្ដីពីសន្តិភាពស៊ីរីផងដែរ ហើយកិច្ចពិភាក្សានេះ គ្រោងនឹងត្រូវធ្វើឡើងពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ ក្នុងទីក្រុងអាស្ដាណា ប្រទេសកាហ្សាក់ស្ថាន៕