(វ៉ាស៊ីនតោន)៖ ការបែកបាក់ប្រេះឆា នៅក្នុងទស្សនៈយល់ឃើញរបស់សាធារណជនអាមេរិក ជុំវិញការគ្រប់គ្រងកាំភ្លើងកាន់តែធ្ងន់ធ្ងរទៅៗ ខណៈករណីបាញ់ប្រហារដ៏សាហាវៗ បានផ្ទុះឡើងជាបន្តបន្ទាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០១៧។
សារព័ត៌មាន CBS ព្រមទាំងក្រុមហ៊ុនស្រាវជ្រាវទីផ្សារ និងវិភាគទិន្នន័យ YouGov ដែលបានសម្ភាសន៍ទៅលើពលរដ្ឋអាមេរិកវ័យកណ្តាល ចំនួន ២,០៧៣នាក់ តាមបណ្តាញអ៊ីនធើណែត កាលពីចន្លោះថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែធ្នូនេះ បានបញ្ចេញរបាយការណ៍ ស្ទង់មតិរបស់ពួកគេក្នុងឱកាសគម្រប់ខួប ០៥ឆ្នាំនៃ ព្រឹត្តិការណ៍សោកនាដកម្មបាញ់ប្រហារ នៅឯសាលារៀន Sandy Hook ដែលបានបណ្តាលឲ្យក្មេងៗ ២០នាក់ រួមនិងមនុស្សវ័យជំទង់ ០៦នាក់ទៀត បាត់បង់ជីវិត។
គួរជម្រាបថា យោងតាមលទ្ធផលស្ទាបស្ទង់មតិខាងលើ ចំពោះអ្នកប្រើកាំភ្លើងភាគច្រើន កាំភ្លើងគឺជាផ្នែកមួយ ដែលធ្វើឲ្យសហរដ្ឋអាមេរិកមាន «ភាពអស្ចារ្យ (សំឡេង ៥៣ភាគរយ)», «សេរីភាព (៦១ភាគរយ)», «ភាពខ្លាំងក្លារឹងមាំ (៥៥ភាគរយ)», និង «សុវត្ថិភាព (៥៩ភាគរយ)»។ ដោយឡែក សម្រាប់អ្នកមិនប្រើប្រាស់កាំភ្លើងវិញ អាវុធនេះធ្វើឲ្យអាមេរិកជា «កន្លែងគ្រោះថ្នាក់ (៥៥ភាគរយ)» និង «គួរឲ្យខ្លាច (៣៨ភាគរយ)» ហើយជាបញ្ហាដ៏ធំបំផុតមួយរបស់ប្រទេសថែមទៀតផង»។
ការស្ទង់មតិដដែលនេះ បានរកឃើញទៀតថា ៦៣ភាគរយ ជឿថាហេតុការណ៍ បាញ់ប្រហារសម្លាប់មនុស្សយ៉ាងរង្គាល ដូចជានៅឡាសវេហ្គាស់ (Las Vegas), ញូថោន (Newtown), ឬក៏ អរឡេនដូ (Orlando) អាចទប់ស្កាត់បាន ក៏ប៉ុន្តែមានការខ្វែងគំនិតគ្នាខ្លាំងរវាងអ្នកមាន និងពុំមានកាន់កាប់កាំភ្លើង។
គួរជម្រាបថា អ្នកប្រើប្រាស់កាំភ្លើង ៥១ភាគរយ ជឿជាក់ថា ហេតុការណ៍បាញ់ប្រហារសម្លាប់រង្គាល គឺជារឿងមួយដែលអ្នករស់នៅក្នុងសង្គមសេរីត្រូវទទួលស្គាល់ និងទទួលយក ខណៈអ្នកមិនប្រើកាំភ្លើង ៦៧ភាគរយ បាននិយាយថា ពួកវាអាចបញ្ចៀសបានប្រសិនបើមានកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់គ្រប់គ្រាន់។
ក្រៅពីនេះ ប្រជាជនអាមេរិក ៧៦ភាគរយ ដែលមិនគាំទ្រឲ្យមានការរឹតបន្តឹងច្បាប់កាំភ្លើងនោះ មានក្តីព្រួយបារម្ភថា ច្បាប់បែបនេះ នឹងនាំទៅរកការដកហូតរាល់កាំភ្លើងទាំងអស់ទាំងម្តង ខណៈ ៦៩ភាគរយ មិនចូលចិត្តគំនិត ដែលអនុញ្ញាតឲ្យរដ្ឋាភិបាលមានឃ្លាំងស្តុកទិន្នន័យរបស់អ្នកកាន់កាប់កាំភ្លើងនោះឡើយ។ ម៉្យាងវិញទៀតមតិ ៨៦ភាគរយ ជឿជាក់ថា ច្បាប់ទាំងនេះ នឹងមិនអាចបញ្ឈប់ឧក្រិដ្ឋជន ពីការប្រើប្រាស់កាំភ្លើងបានឡើយ។
ស្របពេលដែលការជជែកដេញដោល ជុំវិញការប្រើប្រាស់កាំភ្លើងនៅក្នុងប្រទេស កើនឡើងកម្តៅយ៉ាងក្តៅគគុក ភាគីទាំងពីរមានការសង្ស័យ ទៅលើចេតនារបស់ភាគីម្ខាងៗ។ ក្រុមអ្នកប្រើប្រាស់កាំភ្លើងភាគច្រើន សង្ស័យអ្នកប្រឆាំងនឹងការប្រើប្រាស់កាំភ្លើងថា កំពុងព្យាយាមដកហូតកាំភ្លើងពីពួកគេ ហើយផ្តល់អំណាចឲ្យរដ្ឋាភិបាល មានសិទ្ធិគ្រប់គ្រងកាន់តែខ្លាំងទៅលើប្រជាជន។ ចំណែកអ្នកមិនកាន់កាំភ្លើងវិញគិតថា ក្រុមអ្នកគាំទ្រសិទ្ធិប្រើកាំភ្លើង កំពុងព្យាយាមស្តុកទុកអាវុធ ដើម្បីត្រៀមទុកពេលមានជម្លោះទ្រង់ទ្រាយធំកើតឡើង៕