(ម៉ិចស៊ីកូស៊ីធី)៖ គ្រោងយន្តហោះខ្នាតតូចមួយគ្រឿង ដែលបានបាត់ស្រមោល កាលពីមួយសប្តាហ៍មុន ក្នុងអំឡុងពេលនៃការរៀនបើកបរ និងហោះហើរនោះ ទីបំផុតត្រូវបានគេរកឃើញនៅក្នុងរដ្ឋ ហ្គែរែរ៉ូ (Guerrero) ភាគខាងត្បូង នៃប្រទេសម៉ិចស៊ីកូ រួមជាមួយនិងសាកសពរបស់គ្រូបង្ហាត់ព្រមទាំងកូនសិស្សសរុបពីររូប។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០១៧។
បើតាមសារព័ត៌មានខាងលើ អាជ្ញាធរក្នុងរដ្ឋ Guerrero បានប្រទះឃើញយន្តហោះជួបគ្រោះថ្នាក់ខាងលើ នៅវេលាម៉ោង ១២៖៣០នាទីថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលាក្នុងតំបន់) នៅក្នុងទីក្រុង អ៊ីហ្គួឡា (Iguala) ហើយវាប្រឡាក់ពេញទៅដោយ បំណែកសាកសពរបស់ជនរងគ្រោះម្នាក់ ដែលស្ថិតក្នុងនោះ ខណៈសាកសពម្នាក់ទៀត ត្រូវបានរកឃើញនៅក្បែរនោះ។
គួរជម្រាបថា យន្តហោះមានជោគវាសនាដ៏អភ័ព្វមួយគ្រឿងនេះ ដែលជាកម្មសិទ្ធិរបស់សាលារៀនហោះហើរមួយក្នុងតំបន់នោះ បានធ្វើដំណើរចាកចេញពីព្រលានយន្តហោះ ក្នុងទីក្រុង តេម៉ិចកូ (Temixco) នៃរដ្ឋ ម៉ូរ៉េឡូស (Morelos) នៅក្បែររដ្ឋ Guerrero៕