(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាននិយាយថា វិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើង គួរតែត្រូវបានដោះស្រាយតាមរយៈកិច្ចចរចា មិនមែនតាមការធ្វើសង្រ្គាម
នោះទេ ខណៈអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានពីគ្រោះថ្នាក់នៃ «ការដេកមមើដើរទៅរកជម្លោះ»។ នេះបើតាមការចេញ ផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០១៧។
លោក ស៊ី ជិនពីង ធ្វើការកត់សម្គាល់បែបនេះ ទៅកាន់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បានបង្ហាញពីចេតនាបើកទ្វារចរចា ដោយឥតលក្ខខ័ណ្ឌជាមួយកូរ៉េខាងជើង។ ប៉ុន្តែសេតវិមានបែរជាថា បច្ចុប្បន្នមិនមែនជាពេលត្រូវចរចា នឹងទីក្រុងព្យុងយ៉ាងទៅវិញ ទាល់តែកូរ៉េខាងជើងកែចរិតបង្ករឿង ដូចសព្វថ្ងៃនេះចេញជាមុនសិន។
ថ្លែងនៅក្នុងជំនួបជាមួយ លោក មូន ជែអ៊ីន នៅឯសាលមហាវិមានប្រជាជនចិន លោក ស៊ី បានលើកឡើងដូច្នេះថា «វិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើង គួរតែត្រូវបានដោះស្រាយតាមរយៈកិច្ចសន្ទនា និងការប្រឹក្សាយោលបល់គ្នាទៅវិញទៅមក... ចិន និងកូរ៉េខាងត្បូងមានផលប្រយោជន៍ រួមគ្នាក្នុងការថែរក្សាសន្តិភាព ហើយទីក្រុងប៉េកាំងមានបំណងច្បាស់លាស់ ធ្វើការងារជាមួយកូរ៉េខាងត្បូង ដើម្បីលើកកម្ពស់កិច្ចសន្ទនា ក៏ដូចជាគាំទ្រការធ្វើឱ្យប្រសើរឡើង
នូវទំនាក់ទំនងរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង»។
គួរបញ្ជាក់ថា ជុំវិញនឹងការលើកឡើងរបស់ លោក ធីល្លឺសុន ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក៏យល់ថា ជាគំនិតដ៏ល្អប្រសើរផងដែរ។ ប៉ុន្តែទន្ទឹមគ្នាប្រមុខវិមាន ក្រឹមឡាំងរូបនេះក៏បានព្រមានដែរថា ការប្រើប្រាស់កម្លាំងយោធាលើកូរ៉េខាងជើង នឹងបង្កជាគ្រោះមហន្តរាយដ៏ធំបំផុត គ្មាននរណាអាចទាយទុកជាមុនឡើយ៕