(អ៊ីស្តង់ប៊ុល)៖ កិច្ចប្រជុំកំពូលមួយ នៃបណ្តាប្រទេសអ៊ីស្លាមជាង ៥០ប្រទេស ដែលបានប្រព្រឹត្តទៅនៅ ទីក្រុងអ៊ីស្តង់ប៊ុលរបស់តួកគី បានប្រកាសទទួលស្គាល់ភាគខាងកើត នៃទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់ប៉ាឡេស្ទីន ជាការតបតទៅនឹងការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ដែលបានទទួលស្គាល់ទីក្រុងពិសិដ្ឋនេះជារបស់អ៊ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៧។
ក្នុងសេចក្តីថ្លែងការណ៍ព្រាងចុងក្រោយ នៅចុងបញ្ចប់នាថ្ងៃទី ០១ នៃជំនួបកំពូលខាងលើកិច្ចប្រជុំរបស់អង្គការ នៃកិច្ចសហប្រតិបត្តិការអ៊ីស្លាម ហៅកាត់ថា OIC ក៏បានអំពាវដល់រាល់ប្រទេសទាំងអស់នៅលើពិភពលោក ឲ្យទទួលស្គាល់ភាគខាងកើត នៃក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់ប៉ាឡេស្ទីនផងដែរ។
ម៉្យាងវិញទៀត បណ្តាប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ដែលមានវត្តមាននៅឯកិច្ចប្រជុំ ក៏បានទាត់ចោលព្រមទាំងថ្កោលទោសធ្ងន់ៗ ចំពោះការសម្រេចចិត្តជាឯកតោភាគី ពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអែលផងដែរ។ មេដឹកនាំអស់ បានចាត់ទុកទង្វើរបស់សហរដ្ឋអាមេរិកថា ការបំពានលើសិទ្ធិរបស់ប្រជាពលរដ្ឋប៉ាឡេស្ទីន, ជាការបំផ្លិចបំផ្លាញកិច្ចប្រឹងប្រែងសន្តិភាពដោយចេតនា, ជាការជម្រុញអំពើជ្រុលនិយមក៏ដូចជាអំពើភេរវកម្ម, និងជាការគម្រាមកំហែងដល់សន្តិសុខ ក៏ដូចជាសន្តិភាពអន្តរជាតិ។
«បើមិនក្រឡាស់សម្តីរបស់ខ្លួនវិញទេនោះ សហរដ្ឋអាមេរិកនឹងបាត់បង់តួនាទីជា អ្នកគាំទ្រដល់ដំណើរការស្វែងរកសន្តិភាព សម្រាប់វិបត្តិប៉ាឡេស្ទីន-អ៊ីស្រាអែល ជាក់ជាពុំខាន ដែលនេះគឺជាការព្រមានជាចុងក្រោយរបស់ OIC ដែលជាអង្គការអន្តររដ្ឋាភិបាលដ៏ធំជាងគេទី០២ បន្ទាប់ពី UN ដែលមានសមាជិកចំនួន ៥៧ប្រទេស ស្ថិតនៅពាសពេញទ្វីបចំនួន ៤ លើពិភពលោក៕