(វ៉ាស៊ីនតោន)៖ បន្ទាប់ពីស្ងប់ស្ងាត់អស់មួយរយៈ នៅទីបំផុតពួក ISIS បានចេញមុខព្រមានថា ពួកគេនឹងធ្វើការឆ្លើយតបទៅនឹងការសម្រេចចិត្ត ទទួលស្គាល់ទីក្រុង ហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាមួយការបង្កើនការវាយប្រហារ នៅលើទឹកដីអាមេរិក។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០១៧។
ពួក ISIS ធ្វើការព្រមានបែបនេះនៅលើបណ្ដាញ Telegram តាមរយៈការបង្ហោះសារគំរាមអមដោយរូបភាព នៃសកម្មភាពវាយប្រហារភេរវកម្មបំផ្ទុះគ្រាប់បែក។ ពួក ISIS បានព្រមានដូច្នេះថា «យើងនឹងធ្វើបង្កើនសកម្មភាពវាយប្រហារកាន់តែច្រើន រហូតដល់ទីបញ្ចប់ ហើយយើងដុតកម្ទេចអ្នកជាមួយភ្លើងសង្រ្គាមដូចដែលអ្នកបានធ្វើនៅ អ៊ីរ៉ាក់ យ៉េមែន លីប៊ី ស៊ីរី និងអាហ្វហ្គានីស្ថាន... អ្នករង់ចាំមើលចុះ។ ការទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់ (អាឆ្កែ) ដូណាល់ ត្រាំ ជារដ្ឋធានីអ៊ីស្រាអែល មានន័យថា សហរដ្ឋអាមេរិកនឹងទទួលស្គាល់ការវាយប្រហារបំផ្ទុះគ្រាប់បែក ជារដ្ឋធានីនៃប្រទេសរបស់ខ្លួន»។
គួរបញ្ជាក់ថា ការទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីអ៊ីស្រាអែល បាននិងបង្កជាកំហឹងយ៉ាងខ្លាំង នៅក្នុងចំណោមប្រទេសអ្នកកាន់សាសនាអ៊ីស្លាម ខណៈក្រុម អ្នកជំនាញថា ក្រុម ISIS យល់ថា នឹងប្រើឱកាសនេះដើម្បីពង្រីកមនោគមវិជ្ជារបស់ខ្លួនឡើងវិញ តាមរយៈការអំពាវនាវឱ្យអ្នកកាន់សាសនាអ៊ីស្លាមទំាងអស់ ចូលរួមជាមួយ ខ្លួនប្រយុទ្ធប្រឆាំងនឹងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល៕