(មីយ៉ាន់ម៉ា)៖ ការចាប់ខ្លួនអ្នកសារព័ត៌មាន Reuters ពីរនាក់ក្នុងរដ្ឋធានីយ៉ាហ្គូន (Yangon) ប្រទេស មីយ៉ាន់ម៉ា នាសប្តាហ៍នេះជាសញ្ញាបង្ហាញថា សេរីភាពសារព័ត៌មានក្នុងប្រទេសមួយនេះ កំពុងបាត់បង់បន្តិចម្តងៗ ហើយសហគមន៍អ្នកសារព័ត៌មានអន្តរជាតិ គួរតែធ្វើគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីដោះលែងអ្នកសារព័ត៌មានទាំងពីរ នេះជាការលើកឡើងរបស់អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres ដកស្រង់ដោយសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ។
អ្នកសារព័ត៌មានទាំងពីរមានឈ្មោះថា Wa Lone និង Kyaw Soe OO ដែលមានមូលដ្ឋាននៅក្នុងប្រទេស មីយ៉ាន់ម៉ា ផ្ទាល់តែម្តង។ ប្រមុខដឹកនាំអង្គការសហប្រជាជាតិ បានលើកឡើងថា លោកមានក្តីបារម្ភថា ប្រទេស មីយ៉ាន់ម៉ា បានបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធមនុស្ស ក្នុងអំឡុងនៃយុទ្ធនាការបោសសម្អាតពីសំណាក់ពួកយោធា ក្នុងរដ្ឋ Rakhine ដែលបង្ខំឱ្យជនជាតិ Rohingya ចំនួន៦០ម៉ឺននាក់ ត្រូវជម្លៀសខ្លួនទៅកាន់តំបន់ភាគខាងត្បូងប្រទេស បង់ក្លាដែស ចំណែកការចាប់ខ្លួនអ្នកកាសែតទំនង ជាពាក់ព័ន្ធនឹងករណីនេះ។
អគ្គលេខាធិការរូបនេះបានគូសបញ្ជាក់ថា «វាជាក្តីបារម្ភយ៉ាងខ្លាំងចំពោះការបាត់បង់សេរីភាពសារព័ត៌មានក្នុងប្រទេសនេះ»។ ដោយឡែកនាយកសារព័ត៌មានដ៏ល្បី Reuters លោក Stephen J.Adler បានលើកឡើងថា «យើងថ្កោលទោសជាខ្លាំងចំពោះការវាយប្រហារទៅលើសេរីភាពសារព័ត៌មានបែបនេះ ហើយបច្ចុប្បន្នយើងកំពុងស្នើ ដល់អាជ្ញាធរដើម្បីដោះលែងឱ្យបានឆាប់»៕