(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ អ្នកសារព័ត៌មាននៃទីភ្នាក់ងារព័ត៌មាន Reuters ពីរនាក់ត្រូវបានអាជ្ញាធរមីយ៉ាន់ម៉ាចាប់ឃុំខ្លួន ក្រោយមានសេចក្ដីរាយការណ៍ថាអ្នកទំាងពីរបានបាត់ខ្លួន នៅថ្ងៃអង្គារសប្ដាហ៍នេះ៕
២៖ ផលិតផលនៃមនុស្សយន្តផ្នែកឧស្សាហកម្ម របស់ប្រទេសចិន បានកើនឡើងលើសពី ១០០,០០០គ្រឿង នៅក្នុងរយៈពេល១០ខែនៃឆ្នាំ២០១៧នេះ ដែលវាជាចំនួន មានការកើនឡើង៧០ភាគរយ បើធៀបទៅនឹងអំឡុងពេលដូចគ្នាឆ្នាំមុន៕
៣៖ ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ បានស្នើឱ្យតុលាការកាត់ទោស មិត្តភក្តិរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រីផាក គឺនហេ គឺលោកស្រី ឆយ ស៊ូនស៊ីល ឱ្យជាប់ពន្ធនាគារ ២៥ឆ្នាំ ក៏ដូចជាបង់ប្រាក់ពិន័យ ១១៨.៥ពាន់លានវ៉ុន (១០៩លានដុល្លារ) និងប្រាក់ជួសជុលការខូចខាត ៧.៧ពាន់លានវ៉ុន ផងដែរ៕
៤៖ យន្តហោះធុនមធ្យមមួយគ្រឿង បានធ្លាក់នៅតំបន់ភាគកណ្តាលប្រទេសកាណាដា តែសំណាងល្អមនុស្សជិះនៅលើនោះទាំងអស់ ដែលត្រូវបានសារព័ត៌មានក្នុងតំបន់រាយការណ៍ថា មានចំនួន២៥នាក់នោះ មិនមាននរណាម្នាក់បាត់បង់ជីវិតនោះឡើយ ប៉ុន្តែពួកគេភាគច្រើនបានទទួលរងរបួសធ្ងន់ និងស្រាល៕
៥៖ ក្រុមហ៊ុន Walt Disney នឹងប្រកាសពីកិច្ចព្រមព្រៀងទិញយកក្រុមហ៊ុនផលិតខ្សែភាពយន្ត Twenty-First Century Fox ដែលក្នុងនោះភាគហ៊ុនរបស់ 21th Century Fox នឹងទទួលបានតម្លៃជាង៤០ដុល្លារក្នុងមួយហ៊ុន ឬក៏៧៥ពាន់លានដុល្លារ ដោយសរុបទាំងអស់៕
៦៖ សមាជិកសភាមួយរូប របស់គណបក្សសាធារណរដ្ឋ ប្រចាំរដ្ឋ Kentucky ភាគកណ្តាលអាមេរិកបានសម្រេចចិត្តធ្វើអត្តឃាត ដើម្បីជាការប្រកែកទៅនឹងករណីចោទប្រកាន់លើរូបលោកថាបានប្រព្រឹត្តបទល្មើសបំពានផ្លូវភេទលើយុវតីមួយរូប៕