(មីយ៉ាន់ម៉ា)៖ អង្គការក្រុមគ្រូពេទ្យគ្មានព្រំដែន (MSF) បានឱ្យដឹងថា ជនជាតិរូហ៊ីងយ៉ាយ៉ាងហោចណាស់ ៦,៧០០នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារអំពើហិង្សានៅក្នុងរដ្ឋ Rakhine នៃភាគខាងជើងប្រទេសមីយ៉ាន់ម៉ា រាប់ចាប់ពីថ្ងៃទី២៥ ខែសីហា រហូតដល់ថ្ងៃទី២៤ ខែកញ្ញា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៧។
យោងតាមការស៊ើបអង្កេតរបស់ខ្លួន លើជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នៅក្នុងប្រទេសបង់ក្លាដែស MSF បានបញ្ជាក់ថា តួរលេខនេះគឺខ្ពស់ជាងដាច់ ពីតួលេខនៃរដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលអះអាងថា មានមនុស្សតែ ៤០០នាក់ ប៉ុណ្ណោះបានស្លាប់ដោយសារអំពើហិង្សាក្នុងរដ្ឋ Rakhine។ អង្គការ MSF បានលើកឡើងយ៉ាងដូច្នេះថា «វាច្បាស់ណាស់ថា អំពើហិង្សាកាន់តែ រីករាយដាលមកពីអាជ្ញាធរមីយ៉ាន់ម៉ា... ហើយយើងបានប៉ាន់ប្រមាណថា មនុស្ស ៦,៧០០នាក់ បានបាត់បង់ជីវិត នៅក្នុងអំពើហិង្សារវាងយោធាមីយ៉ាន់ម៉ា និងក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ា ក្នុងនោះ ៧៣០នាក់ ជាកុមារមានអាយុក្រោម ០៥ឆ្នាំ រីឯមនុស្សច្រើនជាង ៦៤៧,០០០នាក់ បានរត់ភៀសខ្លួន និងកំពុងជ្រកកោណក្នុងប្រទេសបង់ក្លាដែស»។
គួរបញ្ជាក់ថា បើតាម MSF ៦៩ភាគរយ នៃអំពើហិង្សាសម្លាប់ជនជាតិរ៉ូហ៊ីងយ៉ា គឺបង្កឡើងដោយកាំភ្លើង, ៩ភាគរយ ដោយសារការដុតសម្លាប់នៅក្នុងផ្ទះរបស់ពួកគេ និង ៥ភាគរយ ភាគរយត្រូវគេវាយឱ្យស្លាប់។ ជាងនេះទៅទៀត ក្នុងចំណោមជនរងគ្រោះជាកុមារ អាយុក្រោម ០៥ឆ្នាំ មាន ៥៩ភាគរយ ត្រូវបានគេបាញ់សម្លាប់ ១៥ភាគរយ ត្រូវគេដុតទាំងរស់ ៧ភាគរយ ត្រូវគេវាយរហូតដល់ស្លាប់ និង ២ភាគរយ ស្លាប់ដោយសារគ្រាប់មីន។ តែទោះជាបែបនេះក្ដី យោធា និងរដ្ឋាភិបាលមីយ៉ាន់ម៉ា បានទាត់ចោលរាល់ការចោទ ប្រកាន់ហើយបានទម្លាក់ការទទួលខុសត្រូវ ទៅលើក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ា ដែលខ្លួនចាត់ទុកថា ជាក្រុមភេរវករ៕
https://firenewsfeed.com/image/aHR0cHM6Ly9tZWRpYS5ucHIub3JnL2Fzc2V0cy9pbWcvMjAxNy8wOS8wMS9hcF8xNzI0NDU0MDkzNjU0N19jdXN0b20tNjA2ZGUxNWM3OWYyYWI3NDFkYjk1ZDVjOTkwYWMxZDRkNmMyZDZhMC1zMTEwMC1jODUuanBn